ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា បពិត្រព្រះអង្គជាសក្កៈ សូមព្រះអង្គដោះខ្ញុំព្រះអង្គឲ្យផុតចាកសេចក្តីសង្ស័យទាំងឡាយ បានន័យថា សូមព្រះអង្គដោះខ្ញុំព្រះអង្គ សូមស្រាយខ្ញុំព្រះអង្គ សូមលែងខ្ញុំព្រះអង្គ សូមជ្រោងឡើងនូវខ្ញុំព្រះអង្គ សូមស្រង់ឡើងនូវខ្ញុំព្រះអង្គ សូមញ៉ាំងខ្ញុំព្រះអង្គឲ្យរួចផុតស្រឡះអំពីសរ គឺសេចក្តីសង្ស័យ ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាសក្កៈ សូមព្រះអង្គដោះខ្ញុំព្រះអង្គ ឲ្យផុតចាកសេចក្តីសង្ស័យទាំងឡាយ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា
ខ្ញុំព្រះអង្គ បានឃើញព្រះអង្គ ជាទេវតាក្នុងមនុស្សលោក ព្រះអង្គមិនមានកង្វល់ ជាព្រាហ្មណ៍កំពុងប្រព្រឹត្ត បពិត្រព្រះអង្គជាសមន្តចក្ខុ ខ្ញុំព្រះអង្គ សូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាសក្កៈ សូមព្រះអង្គដោះខ្ញុំព្រះអង្គឲ្យផុតចាកសេចក្តីសង្ស័យទាំងឡាយ។
[២១៤] (ព្រះមានព្រះភាគត្រាស់ថា) ម្នាលធោតកៈ តថាគត មិនអាចដើម្បីដោះអ្នកណាមួយ ក្នុងលោកនេះ ដែលមានសេចក្តីសង្ស័យបានទេ ប៉ុន្តែកាលបើអ្នកបានដឹងច្បាស់នូវធម៌ដ៏ប្រសើរយ៉ាងនេះ នឹងឆ្លងឱឃៈនេះបាន។
ID: 637355169645933173
ទៅកាន់ទំព័រ៖