ព្រះត្រៃបិដក ភាគ ៦៧
[២១៥] ពាក្យថា តថាគត មិនអាចដើម្បីដោះ អធិប្បាយថា តថាគត មិនអាចដោះអ្នក ស្រាយចេញ ស្រាយលែង ដោះលែង ជ្រោងឡើង ស្រង់ឡើង ឲ្យក្រោកចេញអំពីសរគឺសេចក្តីសង្ស័យបាន ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត មិនអាចដើម្បីដោះ យ៉ាងនេះខ្លះ។ មួយទៀត តថាគត មិនខ្វល់ខ្វាយ មិនខ្វល់ខ្វាយខ្លាំង មិនឧស្សាហ៍ មិនព្យាយាម មិនធ្វើឧស្សាហ៍ មិនធ្វើសេចក្តីប្រឹងប្រែង មិនធ្វើនូវសេចក្តីខ្នះខ្នែង មិនធ្វើសេចក្តីឱហាត មិនធ្វើព្យាយាម មិនញុំាងឆន្ទៈឲ្យកើត មិនឲ្យកើតព្រម មិនឲ្យដុះ មិនឲ្យដុះដាល (ដើម្បីដោះ) នូវពួកបុគ្គលមិនមានឆន្ទៈ ខ្ជិលច្រអូស ថយព្យាយាម មិនប្រតិបត្តិតាមដោយធម្មទេសនាបានទេ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត មិនអាចដោះ យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលដទៃណាមួយ ញ៉ាំងបុគ្គលដទៃឲ្យរួចបាន មិនមានទេ ត្រូវតែបុគ្គលទាំងនោះ រួចដោយសេចក្តីព្យាយាមដ៏តឹងរឹងរបស់ខ្លួន ដោយកំឡាំងរបស់ខ្លួន ដោយការព្យាយាមរបស់ខ្លួន ដោយសេចក្តីប្រឹងប្រែងរបស់ខ្លួន ដោយការព្យាយាមដ៏តឹងរឹងនៃបុរសរបស់ខ្លួន ដោយកំឡាំងបុរសរបស់ខ្លួន ដោយការព្យាយាមបុរសរបស់ខ្លួន ដោយសេចក្តីប្រឹងប្រែងបុរសរបស់ខ្លួន គឺប្រតិបត្តិនូវសម្មាបដិបទា អនុលោមប្បដិបទា អន្វត្ថប្បដិបទា ធម្មានុធម្មប្បដិបទា ដោយខ្លួនឯង ទើបរួចបាន
ID: 637355169955660012
ទៅកាន់ទំព័រ៖