ព្រះត្រៃបិដក ភាគ ៦៧

មិន​អាស្រ័យ មិន​ផ្តេកផ្តិត មិន​ចូល​ទៅ​ជិត មិន​ងប់​ចុះ មិន​លង់​ចុះ​ ងាក​ចេញ មិន​ជាប់ រលាស់​ចេញ​នូវ​ធម៌​ដែល​ឃើញ​ ឮ ប៉ះពាល់ ឬគប្បី​ដឹង ជា​បុគ្គល​មានចិត្ត​មិន​សល់​វល់ ហេតុ​នោះ​ (លោក​ពោល​ថា​) មិន​អាស្រ័យ។ ពាក្យ​ថា ប្រព្រឹត្ត គឺ​នៅ​ ត្រាច់​ទៅ​ផ្សេង ៗ ទៅ​ប្រព្រឹត្ត ទៅ រក្សា យាត្រា​ ឲ្យ​យាត្រា​ទៅ ហេតុ​នោះ (លោក​ពោល​ថា​) ជា​អ្នក​ស្ងប់ មិន​អាស្រ័យ​នៅ (ដោយ​កិលេស​) ប្រព្រឹត្ត​ក្នុង​ទីនេះ​ឯង។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
បពិត្រ​ព្រះអង្គ​ជា​ព្រហ្ម សូម​ព្រះអង្គ​ទ្រង់ព្រះ​ករុណា​ ប្រៀនប្រដៅ​នូវ​វិវេក​ធម៌ ឲ្យ​ខ្ញុំ​ព្រះអង្គ​ដឹង​ច្បាស់ ដើម្បីកុំឲ្យ​ខ្ញុំ​ព្រះអង្គ​ទើសទាក់​ ដូច​អាកាស ជា​បុគ្គល​ស្ងប់ មិន​អាស្រ័យ​នៅ (ដោយ​កិលេស​) ប្រពឹ្រត្ត​ក្នុង​ទីនេះ​ឯង។
[២២៤​] (ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​) ម្នាល​ធោ​តកៈ បុគ្គល​មានស្មារតី ដឹង​ច្បាស់​នូវ​សន្តិបទ​ណា ហើយ​គប្បី​ប្រព្រឹត្ត​ឆ្លង​នូវ​វិស​ត្តិកា​តណ្ហា ក្នុង​លោក​បាន តថាគត នឹង​សំដែង​ប្រាប់​អ្នក​នូវ​សន្តិបទ​នោះ ដែល​តថាគត​ជាក់ច្បាស់​ក្នុង​ខ្លួន ចំពោះ​ធម៌​ដែល​ឃើញ​ហើយ។
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637355172943700782
ទៅកាន់ទំព័រ៖