ព្រះត្រៃបិដក ភាគ ៦៧

 [២២៦​] អធិប្បាយ​ពាក្យ​ថា ដែល​តថាគត​ជាក់ច្បាស់​ក្នុង​ខ្លួន​ ចំពោះ​ធម៌​ដែល​ឃើញ​ហើយ ត្រង់​ពាក្យ​ថា ចំពោះ​ធម៌​ដែល​ឃើញ​ហើយ​ គឺ​ចំពោះ​ធម៌​ដែល​ឃើញ ធម៌​ដែល​ដឹង ធម៌​ដែល​ថ្លឹង ធម៌​ដែល​ពិចារណា​ ធម៌​ដែល​ចំរើន ធម៌​ដែល​កើត​ប្រាកដ​ហើយ​ថា សង្ខារ​ទាំងពួង​មិន​ទៀង។បេ។ ចំពោះ​ធម៌​ដែល​ឃើញ ធម៌​ដែល​ដឹង ធម៌​ដែល​ថ្លឹង ធម៌​ដែល​ពិចារណា ធម៌​ដែល​ចំរើន ធម៌​ដែល​ប្រាកដហើយ​ថា​ ធម្មជាត​ណា​មួយ មានការ​កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងពួង​នោះ មានការ​រលត់​ទៅវិញ​ជា​ធម្មតា ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ចំពោះ​ធម៌​ដែល​ឃើញ​ហើយ ដោយ​ប្រការ​ដូច្នេះ​ខ្លះ។ មួយទៀត តថាគត​នឹង​សំដែង​នូវ​សេចក្តី​ទុក្ខ​ ក្នុង​ទុក្ខ​ដែល​ឃើញ​ហើយ សំដែង​នូវ​សមុទ័យ ក្នុង​សមុទ័យ​ដែល​ឃើញ​ហើយ សំដែង​នូវ​មគ្គ​ក្នុង​មគ្គ​ដែល​ឃើញ​ហើយ​ សំដែង​និរោធ ក្នុង​និរោធ​ដែល​ឃើញ​ហើយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ចំពោះ​ធម៌​ដែល​ឃើញ​ហើយ​ ដោយ​ប្រការ​ដូច្នេះ​ខ្លះ។ មួយទៀត (តថា​គនឹង​សំដែង​ធម៌​) ដែល​ឃើញច្បាស់​ដោយខ្លួនឯង ដែល​ឲ្យផល​មិន​រង់ចាំ​កាល​ ដែល​គួរ​នឹង​ហៅថា អ្នក​ចូរ​មក​មើលចុះ ដែល​គួរ​បង្អោន​ចូល​មក ដែល​ពួក​វិញ្ញូ​ជន​គប្បី​ដឹង​ចំពោះខ្លួន​ ចំពោះ​ធម៌​ដែល​តថាគត​ឃើញ​ហើយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ចំពោះ​ធម៌​ដែល​ឃើញ​ហើយ ដោយ​ប្រការ​ដូច្នេះ​ខ្លះ
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637355173552997529
ទៅកាន់ទំព័រ៖