ព្រះត្រៃបិដក ភាគ ៦៧
[៦៤] អធិប្បាយពាក្យថា ទុក្ខជាភ័យធំរបស់លោកនោះ ត្រង់ពាក្យថា ទុក្ខ គឺទុក្ខព្រោះកំណើត ទុក្ខព្រោះសេចក្តីចាស់ ទុក្ខព្រោះជម្ងឺ ទុក្ខព្រោះសេចក្តីស្លាប់ ទុក្ខព្រោះសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីក្រៀមក្រំ ទុក្ខក្នុងកំណើតនរក ទុក្ខក្នុងកំណើតតិរច្ឆាន ទុក្ខក្នុងកំណើតបិត្តិវិស័យ ទុក្ខក្នុងកំណើតមនុស្ស ទុក្ខមានការចុះកាន់គភ៌ជាមូល ទុក្ខមានការឋិតនៅក្នុងគភ៌ជាមូល ទុក្ខមានកិរិយាចេញចាកគភ៌ជាមូល ទុក្ខជាចំណងរបស់សត្វ
(១) ដែលកើតហើយ ទុក្ខទាក់ទងដោយបុគ្គលដទៃនៃសត្វដែលកើតហើយ ទុក្ខកើតព្រោះព្យាយាមរបស់ខ្លួន ទុក្ខកើតព្រោះព្យាយាមរបស់បុគ្គលដទៃ ទុក្ខ គឺទុក្ខវេទនា (ប្រព្រឹត្តទៅក្នុងកាយ និងចិត្ត) ទុក្ខព្រោះសង្ខារ ទុក្ខព្រោះការផ្លាស់ប្តូរ រោគភែ្នក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគក្បាល រោគស្លឹកត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម រោគផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុះរាក ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួចពិស រមាស់ កម រោគក្នុងទីខ្វារដោយក្រចក កមរលាយ ប្រមាត់ក្រហម ទឹកនោមផ្អែម ឫសដូងដុះ រលកកែវ ឫសដូងបាត
(១) បានដល់សេចក្តីទុក្ខដោយការថែទាំ គឺងូតទឹក លាបប្រេង ទំពាស៊ី ហុត ផឹក ជាដើម។ អដ្ឋកថា។
ID: 637354146964957604
ទៅកាន់ទំព័រ៖