ព្រះត្រៃបិដក ភាគ ៦៧
[២២៩] (ធោតកៈ ក្រាបទូលថា) បពិត្រព្រះមហេសី បុគ្គលមានស្មារតី ដឹងនូវសន្តិបទណា ហើយគប្បីប្រព្រឹត្តឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោកបាន ខ្ញុំព្រះអង្គ នឹងត្រេកអរចំពោះសន្តិបទដ៏ឧត្តមនោះ។
[២៣០] អធិប្បាយពាក្យថា ខ្ញុំព្រះអង្គនឹងត្រេកអរចំពោះសន្តិបទនោះ ត្រង់ពាក្យថា ចំពោះសន្តិបទនោះ គឺចំពោះព្រះពុទ្ធដីកា គន្លងព្រះពុទ្ធដីកា ទេសនា អនុសន្ធិ របស់ព្រះអង្គ។ ពាក្យថា នឹងត្រេកអរ គឺខ្ញុំព្រះអង្គនឹងត្រេកអរ ត្រេកអរចំពោះ រីករាយ រីករាយតាម ជ្រះថ្លា ប្រាថ្នា ស្រឡាញ់ជាប់ចិត្ត ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គនឹងត្រេកអរចំពោះសន្តិបទនោះ។ ពាក្យថា បពិត្រព្រះមហេសី ... សន្តិបទដ៏ឧត្តម ត្រង់ពាក្យថា ព្រះមហេសី សេចក្តីថា ព្រះនាមថា មហេសី ព្រោះព្រះមានព្រះភាគទ្រង់រក ស្វែង ស្វះស្វែង នូវកងសីលដ៏ធំ។ ព្រះនាមថា មហេសី (ព្រោះព្រះមានព្រះភាគស្វែងរក) នូវកងសមាធិដ៏ធំ។បេ។ ព្រះពុទ្ធជាទេវតា កន្លងជាងទេវតា គង់ក្នុងទីណា ព្រះពុទ្ធជានរៈអង់អាច គង់ក្នុងទីណា។ ពាក្យថា សន្តិបទដ៏ឧត្តម សេចក្តីថា អមតនិព្វាន លោកហៅថា សន្តិបទ បានខាងការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ និព្វាន។ ពាក្យថា ដ៏ឧត្តម គឺប្រសើរ ប្រសើរបំផុត ប្រសើរវិសេស ជាប្រធាន ឧត្តម ថ្លៃថ្លា ហេតុនោះ (លោកពោលថា) បពិតព្រះមហេសី ... សន្តិបទដ៏ឧត្តម។
ID: 637355174643606304
ទៅកាន់ទំព័រ៖