ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា ព្រះមានព្រះភាគ នេះ​ជា​ពាក្យ​ពោល​ដោយ​គោរព។បេ។ ការ​បញ្ញត្តិ​ថា ព្រះមានព្រះភាគ​នេះ (កើត​) ព្រោះ​ការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុ​នោះ (មាន​ពាក្យ​ថា​) ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ធោ​តកៈ។
 [២៣៥​] ពាក្យ​ថា ខាងលើ ខាងក្រោម និង​ទទឹង គឺ​កណ្តាល​ សេចក្តី​ថា អនាគត លោក​ហៅថា ខាងលើ អតីត លោក​ហៅថា ខាងក្រោម បច្ចុប្បន្ន លោក​ហៅថា ទទឹង​គឺ​កណ្តាល។ មួយទៀត សុខវេទនា លោក​ហៅថា ខាងលើ ទុក្ខវេទនា លោក​ហៅថា​ ខាង​ក្រោម អទុ​ក្ខម​សុខវេទនា លោក​ហៅថា ទទឹង​គឺ​កណ្តាល។ ពួក​កុសលធម៌​ លោក​ហៅ​ថា ខាងលើ ពួក​អកុសលធម៌ លោក​ហៅថា ខាងក្រោម​ ​ពួក​ធម៌​អព្យាក្រិត លោក​ហៅថា ទទឹង​គឺ​កណ្តាល។ ទេវលោក លោក​ហៅថា ខាងលើ អបាយលោក លោក​ហៅថា ខាងក្រោម​ មនុស្សលោក លោក​ហៅថា ទទឹង​គឺ​កណ្តាល។ អរូបធាតុ លោក​ហៅថា ខាងលើ កាមធាតុ លោក​ហៅថា ខាងក្រោម​ រូបធាតុ លោក​ហៅថា​ទទឹង​គឺ​កណ្តាល។ តាំង​អំពី​ផ្ទៃ​បាតជើង​ឡើង​មក ហៅថា ខាងលើ តាំង​អំពី​ចុង​សក់​ចុះទៅ ហៅថា ខាងក្រោម ត្រង់​ទី​ពាក់កណ្តាល​ខ្លួន ហៅថា ទទឹង​គឺ​កណ្តាល ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ខាងលើ ខាងក្រោម ទទឹង​គឺ​កណ្តាល។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637355266289995425
ទៅកាន់ទំព័រ៖