ព្រះត្រៃបិដក ភាគ ៦៧
ឧបសីវមាណវកប្បញ្ហានិទ្ទេស ទី៦
[២៣៨] (ឧបសីវៈមានអាយុ ទូលសួរដូច្នេះថា) បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គម្នាក់ឯង មិនបានអាស្រ័យបុគ្គល ឬធម៌ ទើបមិនអាចឆ្លងអន្លង់ដ៏ធំបាន បពិត្រព្រះអង្គជាសមន្តចក្ខុ សូមព្រះអង្គសំដែងនូវអារម្មណ៍ដែលនាំឲ្យខ្ញុំព្រះអង្គអាស្រ័យ ហើយឆ្លងនូវអន្លង់នេះបាន។
[២៣៩] អធិប្បាយពាក្យថា បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គម្នាក់ឯង ... អន្លង់ធំបាន ត្រង់ពាក្យថា ម្នាក់ឯង គឺបុគ្គលជាគំរប់ពីរនឹងខ្ញុំ មិនមាន ឬធម៌ជាគំរប់ពីរនឹងខ្ញុំ មិនមាន ដែលជាបុគ្គល ឬជាធម៌ដែលខ្ញុំព្រះអង្គអាស្រ័យហើយ គប្បីឆ្លង ឆ្លងឡើង ឆ្លងរំលង ឆ្លងកាត់ ផ្លោះរំលង នូវអន្លង់គឺកាម អន្លង់គឺភព អន្លង់គឺទិដ្ឋិ អន្លង់គឺអវិជ្ជាដ៏ធំបាន ហេតុនោះ (លោកពោលថា) ម្នាក់ឯង។ ពាក្យថា បពិត្រព្រះអង្គជាសក្កៈ គឺព្រះមានព្រះភាគ ទ្រង់ព្រះនាមថា សក្កៈ។ ព្រះមានព្រះភាគ ទ្រង់ព្រះនាម សក្កៈ ព្រោះទ្រង់ចេញចាកសក្យត្រកូល ហើយបព្វជ្ជា ក៏បាន។ មួយទៀត ទ្រង់ព្រះនាមសក្កៈ ព្រោះទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យធន ក៏បាន។ ទ្រព្យទាំងឡាយនេះ របស់ព្រះមានព្រះភាគនោះ គឺទ្រព្យសទ្ធា ទ្រព្យសីល ទ្រព្យហិរិ ទ្រព្យឱត្តប្បៈ ទ្រព្យសុតៈ ទ្រព្យចាគៈ ទ្រព្យបញ្ញា ទ្រព្យសតិប្បដ្ឋាន។បេ។
ID: 637355267484992576
ទៅកាន់ទំព័រ៖