ព្រះត្រៃបិដក ភាគ ៦៧

 [២៤២​] ពាក្យ​ថា ដែល​នាំឲ្យ​ខ្ញុំ​ព្រះអង្គ​អាស្រ័យ​ ហើយ​គប្បី​ឆ្លង​អន្លង់​នេះ​បាន ត្រង់​ពាក្យ​ថា ដែល​នាំឲ្យ​អាស្រ័យ គឺ​អាស្រ័យ​បុគ្គល​ ឬអាស្រ័យ​ធម៌។ ពាក្យ​ថា គប្បី​ឆ្លង​អន្លង់​នេះ​បាន​ គឺ​គប្បី​ឆ្លង ឆ្លង​រំលង ឆ្លងកាត់ ផ្លោះ​រំលង នូវ​អន្លង់​គឺ​កាម​ អន្លង់​គឺ​ភព អន្លង់​គឺ​ទិដ្ឋិ អន្លង់​គឺ​អវិជ្ជា​ដ៏​ធំ ហេតុ​នោះ (លោក​ពោល​ថា​) ដែល​នាំឲ្យ​ខ្ញុំ​ព្រះអង្គ​អាស្រ័យ ហើយ​ឆ្លង​អន្លង់​នេះ​បាន។ ហេតុ​នោះ ព្រាហ្មណ៍​នោះ ពោល​ថា​
បពិត្រ​ព្រះអង្គ​ជា​សក្កៈ ខ្ញុំ​ព្រះអង្គ​ម្នាក់ឯង​ មិនបាន​អាស្រ័យ (បុគ្គល ឬធម៌​) ទើប​មិន​អាច​ឆ្លង​នូវ​អន្លង់​ដ៏​ធំ​បាន បពិត្រ​ព្រះអង្គ​ជាស​មន្ត​ចក្ខុ​ សូម​ព្រះអង្គ​សំដែង​អារម្មណ៍​ដែល​នាំឲ្យ​ខ្ញុំ​ព្រះអង្គ​អាស្រ័យ ហើយ​ឆ្លង​អន្លង់​នេះ។
[២៤៣​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) ម្នាល​ឧប​សី​វៈ​ អ្នក​ចូរ​មានស្មារតី សំឡឹង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន អាស្រ័យ (អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​) ដោយ​បរិកម្ម​ថា មិន​មាន​ៗ ហើយ​ឆ្លង​អន្លង់​ចុះ​ អ្នក​ចូរ​លះបង់​កាម​ទាំងឡាយ​ ហើយ​វៀរចាក​កថា​ទាំងឡាយ​ចេញ ហើយ​សំឡឹង​នូវ​ការ​អស់​តណ្ហា ទាំងយប់​ទាំង​ថ្ងៃ។
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 637355269025502224
ទៅកាន់ទំព័រ៖