ព្រះត្រៃបិដក ភាគ ៦៧

(ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​ឧប​សី​វៈ​) អ្នក​ចូរ​មានស្មារតី​សំឡឹង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ អាស្រ័យ​អា​កិ​ញ្ច​ញ្ញា​យត​នសមាបត្តិ ដោយ​បរិកម្ម​ថា មិន​មាន​ ៗ ហើយ​ឆ្លង​អន្លង់​ចុះ អ្នក​ចូរ​លះបង់​កាម​ទាំង​ឡាយ​ ហើយ​វៀរ​ចាក​កថា​ទាំងឡាយ​ចេញ​ ហើយ​សំឡឹង​នូវ​ការ​អស់​តណ្ហា​ទាំងយប់​ទាំង​ថ្ងៃ។
[២៤៨​] (ឧប​សី​វៈ​មាណព​មាន​អាយុ ទូល​សួរ​ដូច្នេះ​ថា​) បុគ្គល​ណា​មិន​មាន​តម្រេក​ក្នុង​កាម​ទាំងឡាយ​ទាំងពួង លះបង់​សមាបត្តិ​ដទៃ អាស្រ័យ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ចុះចិត្ត​ស៊ប់​ក្នុង​សញ្ញាវិមោក្ខ​ដ៏​ប្រសើរ បុគ្គល​នោះ​ ជា​អ្នក​មិន​ឃ្លាត គប្បី​តាំងនៅ​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​បាន​ដែរ​ឬទេ។

 [២៤៩​] អធិប្បាយ​ពាក្យ​ថា បុគ្គល​ណា មិន​មានតម្រេក​ក្នុង​កាម​ទាំងឡាយ​ទាំងពួង ត្រង់​ពាក្យ​ថា ទាំងពួង គឺ​សព្វ​ទាំងអស់ គ្រប់​ទាំងអស់​ មិន​សល់ ឥត​សល់ ពាក្យ​ថា ទាំងពួង នេះ​ជា​ពាក្យ​រួបរួម។ ពាក្យ​ថា ក្នុង​កាម​ទាំងឡាយ បើ​តាម​ឧទ្ទាន​ កាម​មាន ២ គឺ​វត្ថុកាម ១ កិលេស​កាម ១។បេ។ នេះ​ហៅថា វត្ថុកាម។បេ។ នេះ​ហៅថា កិលេស​កាម។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637355270809167777
ទៅកាន់ទំព័រ៖