ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង មានន័យថា បុគ្គលណា មិនមានរាគៈ ខ្ជាក់រាគៈ ខ្ជាក់ចោលរាគៈ ផុតរាគៈ លះបង់រាគៈ លះបង់ផ្តាច់រាគៈ សង្កត់សង្កិនរាគៈ ក្នុងកាមទាំងឡាយទាំងពួង ហេតុនោះ (លោកសួរថា) បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង។ ពាក្យថា ដូច្នេះ នៃបទថា ឧបសីវៈមានអាយុសួរដូច្នេះ ជាពាក្យតភ្ជាប់។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា ឧបសីវៈ ជាឈ្មោះនៃព្រាហ្មណ៍នោះ។បេ។ ជាពាក្យហៅព្រាហ្មណ៍នុ៎ះ ហេតុនោះ (មានពាក្យថា) ឧបសីវៈមានអាយុ សួរដូច្នេះ។
[២៥០] ពាក្យថា លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន គឺលះបង់ វៀរបង់ បោះបង់ កន្លងបង់ កន្លងរំលង ប្រព្រឹត្តកន្លង នូវសមាបត្តិទាំង ៦ ឰដ៏ខាងក្រោម ហើយអាស្រ័យ ផ្តេកផ្តិត ចូលមកជិត ចូលមកជិតព្រម មានចិត្តឱនចុះ មានចិត្តឱនចុះស៊ប់ កាន់អាកិញ្ចញ្ញាយតនសមាបត្តិ ហេតុនោះ (លោកសួរថា) លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន។
[២៥១] ពាក្យថា ចុះចិត្តស៊ប់ ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ សេចក្តីថា សញ្ញាសមាបត្តិ ទាំង ៧ លោកហៅថា សញ្ញាវិមោក្ខ។
ID: 637355271169214302
ទៅកាន់ទំព័រ៖