ព្រះត្រៃបិដក ភាគ ៦៧
ឬថា ជាអ្នកមិនត្រេកអរ មិនប្រទូស្ត មិនវង្វេង មិនលំបាក ហេតុនោះ (លោកសួរថា) បុគ្គលនោះជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈានបានដែរឬទេ។ ហេតុនោះ ព្រាហ្មណ៍នោះ ពោលថា
បុគ្គលណាមិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើ បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈានបានដែរឬទេ។
[២៥៣] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបសីវៈ) បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះបាន។
[២៥៤] អធិប្បាយពាក្យថា បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង ត្រង់ពាក្យថា ទាំងពួង គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ទាំងពួង នេះជាពាក្យរួបរួម។
ID: 637355271941812839
ទៅកាន់ទំព័រ៖