ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ក្នុងកាមទាំងឡាយ បើតាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ នេះ ហៅថា វត្ថុកាម។បេ។ នេះ ហៅថា កិលេសកាម។ ពាក្យថា បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង បានសេចក្តីថា បុគ្គលណាមិនមានរាគៈ លះរាគៈ ខ្ជាក់រាគៈ លែងរាគៈ ចោលរាគៈ លះបង់រាគៈ សង្កត់សង្កិនរាគៈក្នុងកាមទាំងឡាយទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណា មិនមានតម្រេកក្នុងកាមទាំងឡាយទាំងពួង។ ពាក្យថា ម្នាលឧបសីវៈ នៃបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ គឺព្រះមានព្រះភាគ ទ្រង់ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ។
[២៥៥] ពាក្យថា លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន គឺលះបង់ វៀរបង់ បោះបង់ កន្លងបង់ កន្លងរំលង ប្រព្រឹត្តកន្លង នូវសមាបត្តិទាំង ៦ ខាងក្រោម ហើយអាស្រ័យ ផ្តេកផ្តិត ចូលមកជិត ចូលមកជិតព្រម ឱនចុះ ចុះស៊ប់កាន់អាកិញ្ចញ្ញាយតនសមាបត្តិ ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន។
ID: 637355272380619532
ទៅកាន់ទំព័រ៖