ព្រះត្រៃបិដក ភាគ ៦៧
នោះឯង ស្មើដោយសស្សតិវត្ថុ ឬថា វិញ្ញាណរបស់បុគ្គលនោះ គប្បីឃ្លាត ដាច់សូន្យ វិនាស មិនគប្បីកើត គឺបដិសន្ធិវិញ្ញាណ មិនគប្បីកើតក្នុងកាមធាតុក្តី ក្នុងរូបធាតុក្តី ក្នុងអរូបធាតុក្តី មួយទៀត លោកសួរនូវបរិនិព្វានផង បដិសន្ធិផង របស់បុគ្គលដែលកើតហើយក្នុងអាកិញ្ចញ្ញាយតនៈថា (បុគ្គលនោះ) គប្បីបរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងអាកិញ្ចញ្ញាយតនៈនោះឯង ឬថា វិញ្ញាណរបស់បុគ្គលនោះ គប្បីឃ្លាត គឺបដិសន្ធិវិញ្ញាណ គប្បីកើតទៀតក្នុងកាមធាតុក្តី ក្នុងរូបធាតុក្តី ក្នុងអរូបធាតុក្តី។ ពាក្យថា របស់បុគ្គលមានសភាពដូច្នោះ គឺរបស់បុគ្គលមានសភាពបែបនោះ ប្រហែលដូច្នោះ ទ្រង់ទ្រាយដូច្នោះ មានប្រការដូច្នោះ មានចំណែកប្រៀបដូច្នោះ កើតហើយក្នុងអាកិញ្ចញ្ញាយតនៈ ហេតុនោះ (លោកសួរថា) បុគ្គលនោះ គប្បីជាអ្នកត្រជាក់ រួចស្រឡះក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះឯង ចុះវិញ្ញាណរបស់បុគ្គលមានសភាពដូច្នោះ គប្បីកើតទៀតឬទេ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា
បពិត្រព្រះអង្គជាសមន្តចក្ខុ បើបុគ្គលនោះ ជាអ្នកមិនសាបសូន្យ គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ សូម្បីអស់គំនរនៃឆ្នាំទាំងឡាយ បុគ្គលនោះ គប្បីជាអ្នកត្រជាក់ រួចស្រឡះក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះឯង ចុះវិញ្ញាណរបស់បុគ្គលមានសភាពដូច្នោះ ត្រូវកើតទៀតឬទេ។
ID: 637355274051458359
ទៅកាន់ទំព័រ៖