ព្រះត្រៃបិដក ភាគ ៦៧
[២៦២] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧបសីវៈ) អណ្តាតភ្លើងដែលត្រូវកំឡាំងខ្យល់ផាត់ហើយ រមែងដល់នូវការរលត់ មិនដល់នូវការរាប់ (ថា ទៅក្នុងទីណា) ; យ៉ាងណា មុនិ រួចស្រឡះហើយចាកនាមកាយ រមែងដល់នូវការរលត់ មិនដល់នូវការរាប់ (ថា ទៅក្នុងទីណា) ក៏យ៉ាងនោះដែរ។
[២៦៣] ពាក្យថា អណ្តាតភ្លើង ដែលត្រូវកំឡាំងខ្យល់ផាត់ហើយយ៉ាងណា សេចក្តីថា អណ្តាតនៃភ្លើង លោកហៅថា អណ្តាតភ្លើង។ ពាក្យថា ខ្យល់ គឺ ខ្យល់ទិសខាងកើត ខ្យល់ទិសខាងលិច ខ្យល់ទិសខាងជើង ខ្យល់ទិសខាងត្បូង ខ្យល់មានធូលី ខ្យល់មិនមានធូលី ខ្យល់ត្រជាក់ ខ្យល់ក្តៅ ខ្យល់ខ្លាំងក្លា ខ្យល់កំបុតត្បូង ខ្យល់អំពីស្លាបសត្វ ខ្យល់អំពីគ្រុឌ ខ្យល់អំពីស្លឹកត្នោត ខ្យល់កើតអំពីការបក់។ ពាក្យថា ដែលត្រូវកំឡាំងខ្យល់ផាត់ហើយ គឺកំឡាំងខ្យល់ផាត់ហើយ ផាត់ឡើងហើយ បន្ទោបង់ហើយ បន្ទោបង់ចោលហើយ ញាំញីហើយ សង្កត់សង្កិនហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) អណ្តាតភ្លើង ដែលត្រូវកំឡាំងខ្យល់ផាត់ហើយយ៉ាងណា។ ត្រង់ពាក្យថា ម្នាលឧបសីវៈ នៃបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ គឺព្រះមានព្រះភាគ ត្រាស់ហៅព្រាហ្មណ៍នោះ ដោយចំឈ្មោះ។
ID: 637355274396502079
ទៅកាន់ទំព័រ៖