ព្រះត្រៃបិដក ភាគ ៦៧
បុគ្គលនោះដល់នូវការរលត់ ឬថា បុគ្គលនោះលែងមាន ពុំនោះសោត (បុគ្គលនោះ) មិនមានរោគប្រៀបដោយសស្សតិវត្ថុ បពិត្រព្រះមុនិ សូមព្រះអង្គសំដែងប្រាប់ខ្ញុំព្រះអង្គឲ្យជាក់ច្បាស់ នូវហេតុនោះ ដ្បិតថា ធម៌នុ៎ះ ព្រះអង្គជ្រាបហើយ។
[២៧២] (ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ) បុគ្គលដែលរលត់ហើយ ប្រមាណពុំមានទេ បុគ្គលទាំងឡាយ ពោលចំពោះបុគ្គលនោះដោយកិលេសណា កិលេសនុ៎ះ របស់បុគ្គលនោះ មិនមានឡើយ កាលបើធម៌ទាំងពួង បុគ្គលគាស់រំលើងអស់ហើយ សូម្បីគន្លងនៃវាទៈទាំងពួង ក៏បុគ្គលនោះ គាស់រំលើងហើយដែរ។
[២៧៣] ពាក្យថា បុគ្គលដែលរលត់ហើយ ប្រមាណពុំមានទេ សេចក្តីថា បុគ្គលដែលរលត់ហើយ គឺដែលបរិនិព្វានហើយដោយអនុបាទិសេសនិព្វានធាតុ ប្រមាណគឺរូបមិនមាន ប្រមាណគឺវេទនាមិនមាន ប្រមាណ គឺសញ្ញាមិនមាន ប្រមាណ គឺសង្ខារមិនមាន ប្រមាណ គឺវិញ្ញាណមិនមាន មិនមានសោះ ដែលមិនបាន គឺលោកលះបង់ហើយ លះបង់ផ្តាច់ហើយ រម្ងាប់ហើយ ស្ងប់រម្ងាប់ហើយ ធ្វើមិនគួរឲ្យកើតឡើងបានដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលដែលរលត់ហើយ ប្រមាណពុំមានទេ។
ID: 637355276613192595
ទៅកាន់ទំព័រ៖