ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ម្នាលឧបសីវៈ នៃបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈគឺព្រះមានព្រះភាគ ត្រាស់ហៅព្រាហ្មណ៍នោះ ដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ នេះជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ។
[២៧៤] ពាក្យថា បុគ្គលទាំងឡាយ ពោលចំពោះបុគ្គលនោះ ដោយកិលេសណា កិលេសនុ៎ះ របស់បុគ្គលនោះ មិនមានឡើយ អធិប្បាយថា បុគ្គលទាំងឡាយ គប្បីពោលដោយរាគៈណា ពោលដោយទោសៈណា ពោលដោយមោហៈណា ពោលដោយមានះណា ពោលដោយទិដ្ឋិណា ពោលដោយឧទ្ធច្ចៈណា ពោលដោយវិចិកិច្ឆាណា ពោលដោយអនុស័យណា ថា បុគ្គលនេះជាអ្នកត្រេកអរ ឬជាអ្នកប្រទូស្ត ជាអ្នកវង្វេង ឬជាអ្នកជាប់ចំពាក់ ជាអ្នកស្ទាបអង្អែល ឬជាអ្នកដល់នូវការរាយមាយ ជាអ្នកដល់នូវការមិនសម្រេច ឬជាអ្នកដល់នូវកំឡាំង អភិសង្ខារទាំងនោះ បុគ្គលនោះលះបង់ហើយ ព្រោះលះបង់អភិសង្ខារទាំងឡាយហើយ ជនទាំងឡាយ គប្បីពោលដោយហេតុណា តាមគតិថា បុគ្គលនោះជាសត្វនរក ឬជាអ្នកយកកំណើតជាតិរច្ឆាន ជាបិត្តិវិស័យ ជាមនុស្ស ទេវតា ជារបស់មានរូប ឥតរូប
ID: 637355276922607222
ទៅកាន់ទំព័រ៖