ព្រះត្រៃបិដក ភាគ ៦៧

មាន​សញ្ញា ឥត​សញ្ញា ឬថា​ជា​សត្វ​មាន​សញ្ញា​ក៏​មិនមែន ឥត​សញ្ញា​ក៏​មិនមែន បុគ្គល​គប្បី​ពោល​ និយាយ ហៅ ដោយហេតុ​ណា​ហេតុ​នោះ​មិន​មាន បច្ច័យ​មិន​មាន សមុដ្ឋាន​មិន​មាន​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ទាំងឡាយ ពោល​នូវ​បុគ្គល​នោះ ដោយ​កិលេស​ណា កិលេស​នុ៎ះ របស់​បុគ្គល​នោះ មិន​មាន​ទេ។
 [២៧៥​] ពាក្យ​ថា កាលបើ​ធម៌​ទាំងពួង បុគ្គល​នោះ​គាស់រំលើង​អស់ហើយ​ គឺ​កាលបើ​ធម៌​ទាំងអស់​ ខន្ធ​ទាំងអស់ អាយតនៈ​ទាំងអស់ ធាតុ​ទាំងអស់​ គតិ​ទាំងអស់ ឧប​បត្តិ​ទាំងអស់ បដិសន្ធិ​ទាំងអស់ ភព​ទាំងអស់ សំសារ​ទាំងអស់ វដ្តៈ​ទាំងអស់​ បុគ្គល​នោះ គាស់ គាស់រំលើង រើ រើ​ឡើង បោចរោច បោចរោច​ឡើង លះបង់ ក្របែល រម្ងាប់ ឲ្យ​ស្ងប់​រម្ងាប់ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) កាលបើ​ធម៌​ទាំងពួង បុគ្គល​នោះ គាស់រំលើង​អស់ហើយ។
 [២៧៦​] ពាក្យ​ថា សូម្បី​គន្លង​នៃ​វាទៈ​ទាំងពួង បុគ្គល​នោះ​ គាស់រំលើង​អស់​ហើយ​ដែរ សេចក្តី​ថា កិលេស ខន្ធ និង​អភិសង្ខារ​ទាំងឡាយ​ លោក​ហៅថា គន្លង​នៃ​វាទៈ។ វាទៈ គន្លង​នៃ​វាទៈ ឈ្មោះ គន្លង​នៃ​ឈ្មោះ សំដី គន្លង​នៃ​សំដី បញ្ញត្តិ​ និង​គន្លង​នៃ​បញ្ញត្តិ​ទាំងឡាយ
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637355277290466823
ទៅកាន់ទំព័រ៖