ព្រះត្រៃបិដក ភាគ ៦៧
តថាគត ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស នូវព្រះអរហន្តខីណាស្រពទាំងនោះ ថាមុនិក្នុងលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកបុគ្គលណា ធ្វើសេនាឲ្យវិនាស មិនមានទុក្ខ មិនមានសេក្តីប្រាថ្នា ប្រព្រឹត្តនៅ តថាគត ហៅពួកបុគ្គលទាំងនោះ ថាមុនិ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ម្នាលនន្ទៈ ជនអ្នកឈ្លាសវៃទាំងឡាយ តែងហៅបុគ្គលថាមុនិក្នុងលោកនេះ មិនមែនព្រោះការឃើញ មិនមែនព្រោះការឮ មិនមែនព្រោះញាណទេ ពួកបុគ្គលណា ធ្វើសេនាឲ្យវិនាស ជាអ្នកមិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ប្រព្រឹត្តនៅ តថាគតហៅពួកបុគ្គលទាំងនោះ ថាមុនិ។
[២៨៦] (នន្ទៈមានអាយុ ទូលសួរដូច្នេះថា) សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ ពោលថា សេចក្តីបរិសុទ្ធិព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះសីល និងវ័តខ្លះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ (បពិត្រព្រះមានព្រះភាគ) អ្នកនិរទុក្ខ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកសង្រួមប្រព្រឹត្តក្នុងវ័តនោះ តើបានឆ្លងផុតជាតិ និងជរាខ្លះដែរឬ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ។
ID: 637355280540413758
ទៅកាន់ទំព័រ៖