ព្រះត្រៃបិដក ភាគ ៦៧
[២៨៧] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ ត្រង់ពាក្យថា ណាមួយ គឺ គ្រប់ទាំងអស់ សព្វទាំងអស់ មិនសល់ ឥតសល់ ពាក្យថា ណាមួយ នេះជាពាក្យប្រមូល។ ពាក្យថា សមណៈទាំងឡាយ គឺបុគ្គលណាមួយ ចូលកាន់បព្វជ្ជា ខាងក្រៅអំពីសាសនានេះ បួសជាបរិព្វាជក។ ពាក្យថា ព្រាហ្មណ៍ទាំងឡាយ គឺបុគ្គលណាមួយ ជាភោវាទី ហេតុនោះ (លោកសួរថា) សមណព្រាហ្មណ៍ទាំងឡាយណាមួយនេះ។ ពាក្យថា ដូច្នេះ របស់បទថា នន្ទៈមានអាយុទូលសួរដូច្នេះ គឺជាតំណបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់។ ពាក្យថា នន្ទៈ ជាឈ្មោះរបស់ព្រាហ្មណ៍នោះ។បេ។ ជាពាក្យសំរាប់ហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) នន្ទៈមានអាយុទូលសួរដូច្នេះ។
[២៨៨] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ឮខ្លះ គឺពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍ដែលឃើញក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍ដែលឮក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះអារម្មណ៍ដែលឃើញ ឬដែលឮក្តី
ID: 637355280931558037
ទៅកាន់ទំព័រ៖