ព្រះត្រៃបិដក ភាគ ៦៧

ត្រង់​ពាក្យ​ថា ដែរ​ឬ គឺជា​សំនួរ​ដោយ​សេចក្តី​សង្ស័យ សំនួរ​ដោយ​សេចក្តី​ងឿងឆ្ងល់​ សំនួរ​ដោយ​សេចក្តី​កន្ធែក​ចិត្ត សំនួរ​ដោយ​ចំណែក​ជាអនេក​ថា យ៉ាងនេះ​ឬហ្ន៎ មិនមែនទេ​ឬហ្ន៎​ ដូចម្តេច​ទៅ​ហ្ន៎ ដោយ​ប្រការ​ដូចម្តេច​ទៅ​ហ្ន៎ ហេតុ​នោះ (លោក​សួរ​ថា​) ដែរ​ឬ។ ពាក្យ​ថា បុគ្គល​ទាំងនោះ បាន​ដល់​​ពួក​បុគ្គល​អ្នក​លុះ​ក្នុង​ទិដ្ឋិ។ ពាក្យ​ថា បពិត្រ​ព្រះមានព្រះភាគ នេះ ជា​ពាក្យ​ពោល​ដោយ​គោរព។បេ។ ការ​បញ្ញត្តិ​ថា​ ព្រះមានព្រះភាគ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង ហេតុ​នោះ (លោក​សួរ​ថា​) បពិត្រ​ព្រះមានព្រះភាគ​ សមណព្រាហ្មណ៍​ទាំងនោះ​ ....ដែរ​ឬ។ ពាក្យ​ថា ជា​អ្នក​សង្រួម ប្រព្រឹត្ត​ក្នុង​វត្ត​នោះ ត្រង់​ពាក្យ​ថា​ ក្នុង​វត្ត​នោះ គឺ​ក្នុង​ទិដ្ឋិ​របស់​ខ្លួន ក្នុង​សេចក្តី​គួរ​របស់​ខ្លួន ក្នុង​សេចក្តី​គាប់ចិត្ត​របស់​ខ្លួន ក្នុង​លទ្ធិ​របស់​ខ្លួន។ ពាក្យ​ថា ជា​អ្នក​សង្រួម គឺជា​អ្នក​សង្រួម សង្រួម​ចំពោះ គ្រប់គ្រង រក្សា រវាំង។ ពាក្យ​ថា​ ប្រព្រឹត្ត គឺ​ប្រព្រឹត្ត ប្រព្រឹត្ត​ផ្សេង ៗ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា​ ឲ្យ​យាត្រា​ទៅ ហេតុ​នោះ (លោក​សួរ​ថា​) (បពិត្រ​ព្រះមានព្រះភាគ​) សមណព្រាហ្មណ៍​ទាំងនោះ ជា​អ្នក​សង្រួម ប្រព្រឹត្ត​ក្នុង​វត្ត​នោះ​ ... ដែរ​ឬ។
 [២៩២​] ពាក្យ​ថា (បពិត្រ​ព្រះអង្គ​) អ្នក​និរទុក្ខ សមណព្រាហ្មណ៍​ទាំងនោះ តើ​បាន​ឆ្លង​ជាតិ និង​ជរា (ដែរ​ឬ) គឺ​ឆ្លង ឆ្លង​ឡើង ឆ្លង​ចេញ កន្លង​ព្រម ប្រព្រឹត្ត​កន្លង​នូវ​ជាតិ​ ជរា និង​មរណៈ។
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637355281878710533
ទៅកាន់ទំព័រ៖