ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា អ្នកនិរទុក្ខ គឺពាក្យជាទីស្រឡាញ់ ពាក្យថា អ្នកនិរទុក្ខ នេះជាពាក្យពោលដោយគោរព កោតខ្លាច ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គអ្នកនិរទុក្ខ សមណព្រាហ្មណ៍ទាំងនោះ តើបានឆ្លងជាតិ និងជរាដែរឬ។
[២៩៣] ពាក្យថា ខ្ញុំសូមសួរព្រះអង្គ របស់បទថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា ខ្ញុំព្រះអង្គសូមសួរព្រះអង្គ គឺខ្ញុំព្រះអង្គសូមសួរព្រះអង្គ សូមអង្វរព្រះអង្គ សូមអារាធនាព្រះអង្គ សូមជ្រះថ្លានឹងព្រះអង្គ សូមព្រះអង្គប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គឲ្យទាន ហេតុនោះ (លោកសួរថា) ខ្ញុំព្រះអង្គសូមសួរព្រះអង្គ។ ពាក្យថា បពិត្រព្រះមានព្រះភាគ នេះជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ គឺសូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា
ID: 637355282197657189
ទៅកាន់ទំព័រ៖