ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា សមណព្រាហ្មណ៍ទាំងនោះ បានដល់បុគ្គលអ្នកលុះក្នុងទិដ្ឋិ។ ពាក្យថា ក្នុងសភាវៈនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន ក្នុងសេចក្តីគួររបស់ខ្លួន ក្នុងសេចក្តីគាប់ចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន។ ពាក្យថា ជាអ្នកសង្រួម គឺជាអ្នកសង្រួម សង្រួមចំពោះ គ្រប់គ្រង រក្សា រវាំង។ ពាក្យថា ប្រព្រឹត្ត គឺប្រព្រឹត្ត ប្រព្រឹត្តផ្សេងៗ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ទាំងនោះជាអ្នកសង្រួម ប្រព្រឹត្តក្នុងសភាវៈនោះ ក៏ពិតមែនហើយ។
[៣០០] ពាក្យថា ប៉ុន្តែតថាគតពោលថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងជាតិ និងជរាមិនបានទេ គឺតថាគត ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងមិនបាន ឆ្លងឡើងមិនបាន ឆ្លងកាត់មិនបាន កន្លងមិនបាន ប្រព្រឹត្តកន្លងមិនបាន នូវជាតិ ជរា និងមរណៈ គឺថា ជាអ្នកមិនឃ្លាតចេញ មិនរលាស់ចេញ មិនកន្លង មិនប្រព្រឹត្តកន្លង ចាកជាតិ ជរា និងមរណៈ តែងនៅវិលវល់ ក្នុងខាងក្នុងនៃជាតិ ជរា និងមណៈ តែងវិលវល់ក្នុងខាងក្នុងនៃគន្លងសង្សារ ត្រូវជាតិជាប់តាមហើយ ត្រូវជរារឹតរួតហើយ ត្រូវព្យាធិសង្កត់សង្កិនហើយ ត្រូវមរណៈកំចាត់ហើយ ឥតមានទីជ្រក ឥតមានទីពួន ឥតមានទីរឭក ឥតមានបុគ្គលជាទីរឭក ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងជាតិ និងជរាមិនបានទេ។
ID: 637355283652375138
ទៅកាន់ទំព័រ៖