ព្រះត្រៃបិដក ភាគ ៦៧
[៣០៤] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិព្រោះសីល និងវត្តខ្លះ គឺ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីលក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវត្តក្តី ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះសីល និងវត្តក្តី ហេតុនោះ (លោកសួរថា) ពោលថាសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តខ្លះ។
[៣០៥] ពាក្យថា ពោលថាសេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ គឺ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ព្រោះវត្ត និងមង្គលភ្ញាក់ផ្អើល មានប្រការផ្សេង ៗ ជាអនេក ហេតុនោះ (លោកសួរថា) ពោលថា សេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ។
[៣០៦] ពាក្យថា បពិត្រព្រះមុនិ បើព្រះអង្គត្រាស់ថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងឱឃៈមិនបានទេ ត្រង់ពាក្យថា សមណព្រាហ្មណ៍ទាំងនោះ គឺពួកបុគ្គលអ្នកលុះក្នុងទិដ្ឋិ។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ មុនិនោះ បានកន្លងនូវបណ្តាញ គឺការជាប់ចំពាក់។
ID: 637355284843934055
ទៅកាន់ទំព័រ៖