ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា បើព្រះអង្គត្រាស់ថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងឱឃៈមិនបានទេ គឺឆ្លងមិនបាន ឆ្លងឡើងមិនបាន ឆ្លងចេញមិនបាន ឆ្លងរំលងមិនបាន កន្លងមិនបាន ប្រព្រឹត្តកន្លងមិនបាន នូវឱឃៈគឺកាម ឱឃៈគឺភព ឱឃៈគឺទិដ្ឋិ ឱឃៈគឺអវិជ្ជា គឺវិលវល់នៅក្នុងខាងក្នុងនៃជាតិ ជរា និងមរណៈ វិលវល់នៅក្នុងខាងក្នុងគន្លងសង្សារ ត្រូវជាតិជាប់តាមហើយ ត្រូវជរារឹតរួតហើយ ត្រូវព្យាធិសង្កត់សង្កិនហើយ ត្រូវមរណៈកំចាត់ហើយ ជាអ្នកឥតមានទីជ្រក ឥតមានទីពួន ឥតមានទីរឭក ឥតមានបុគ្គលជាទីរឭក។ ពាក្យថា ត្រាស់ គឺ ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រព្រះមុនិ បើព្រះអង្គត្រាស់ថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងឱឃៈមិនបានទេ។
[៣០៧] ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខ កាលបើដូច្នេះ តើនរណាក្នុងទេវលោក និងមនុស្សលោក ទើបឆ្លងជាតិ និងជរាបាន គឺកាលបើដូច្នេះ តើនរណាក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ក្នុងពួកមនុស្ស ជាសម្មតិទេព និងមនុស្សសាមញ្ញ ឆ្លង ឆ្លងឡើង ឆ្លងកាត់ កន្លង ប្រព្រឹត្តកន្លង នូវជាតិ ជរា និងមរណៈបាន។
ID: 637355285181633502
ទៅកាន់ទំព័រ៖