ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខ គឺពាក្យជាទីស្រឡាញ់ ពាក្យជាទីគោរព ពាក្យថា បពិត្រព្រះអង្គទ្រង់និរទុក្ខ នេះជាពាក្យពោលដោយគោរព កោតខ្លាច ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គទ្រង់និរទុក្ខ កាលបើដូច្នេះ តើនរណា ក្នុងទេវលោក និងមនុស្សលោក ឆ្លងជាតិ និងជរាបាន។
[៣០៨] ពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គទ្រង់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ គឺខ្ញុំព្រះអង្គសូមសួរព្រះអង្គ សូមអង្វរព្រះអង្គ សូមអារាធនាព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ ហេតុនោះ (លោកសួរថា) ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ។ ពាក្យថា បពិត្រព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា សូមប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ គឺសូមទ្រង់ប្រាប់ បង្ហាញ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គទ្រង់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា
ID: 637355285570433299
ទៅកាន់ទំព័រ៖