ព្រះត្រៃបិដក ភាគ ៦៧

 [៣១៥​] អធិប្បាយ​ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​រីករាយ​ចំពោះ​ពាក្យ​នុ៎ះ​ របស់​ព្រះអង្គ ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ ត្រង់​ពាក្យ​ថា នុ៎ះ គឺ​ខ្ញុំ​ព្រះអង្គ​ត្រេកអរ​ ត្រេកអរ​ចំពោះ រីករាយ រីករាយ​តាម​ ចង់បាន ជ្រះថ្លា ប្រាថ្នា ស្រឡាញ់ ជាប់ចិត្ត​ចំពោះ​ពាក្យ​ ចំពោះ​កិរិយា​ពោល ចំពោះ​ទេសនា ចំពោះ​អនុសន្ធិ​របស់​ព្រះអង្គ។ ពាក្យ​ថា ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ គឺ​ព្រះមានព្រះភាគ ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ។ ឈ្មោះថា ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ​ ព្រោះ​ទ្រង់​រក ស្វែង ស្វះស្វែង នូវ​សីលក្ខន្ធ​ដ៏​ធំ​ ឈ្មោះថា ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ ព្រោះ​ត្រូវ​គេ​ស្វែងរក​ថា។បេ។ ព្រះពុទ្ធ​ជា​ទេវតា​ធំជាង​ទេវតា​ (គង់​) ក្នុង​ទីណា ព្រះពុទ្ធ​ជា​នរៈ​ដ៏​អង់អាច (គង់​) ក្នុង​ទីណា ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​រីករាយ​ចំពោះ​ពាក្យ​នុ៎ះ​ របស់​ព្រះអង្គ ទ្រង់​ស្វែង​រក​គុណ​ដ៏​ធំ។
 [៣១៦​] អធិប្បាយ​ថា បពិត្រ​ព្រះ​គោតម ព្រះនិព្វាន​មិន​មាន​ឧបធិ​ ព្រះអង្គ​ត្រាស់​ទុក​ល្អ​ហើយ ត្រង់​ពាក្យ​ថា ត្រាស់​ល្អ​ហើយ គឺ​ព្រះអង្គ​ប្រាប់​ល្អ សំដែង​ល្អ​ បញ្ញ​តល្អ តាំង​ទុក​ល្អ បើក​ល្អ ចែក​ល្អ ធ្វើឲ្យ​រាក់​ល្អ​ ប្រកាស​ល្អ​ហើយ។ ពាក្យ​ថា បពិត្រ​ព្រះ​គោតម ព្រះនិព្វាន​មិន​មាន​ឧបធិ សេចក្តី​ថា កិលេស​ផង​ ខន្ធ​ផង អភិសង្ខារ​ផង លោក​ហៅថា ឧបធិ។ គឺ​ការ​លះបង់​ឧបធិ ការ​រម្ងាប់​ឧបធិ​ ការ​រលាស់ចោល​ឧបធិ ការ​ស្ងប់​ឧបធិ អមត​និព្វាន ហេតុ​នោះ (លោក​ពោល​ថា​) បពិត្រ​ព្រះ​គោតម ព្រះនិព្វាន​មិន​មាន​ឧបធិ ព្រះអង្គ​ទ្រង់​ត្រាស់​ល្អ​ហើយ។
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637355288127947754
ទៅកាន់ទំព័រ៖