ព្រះត្រៃបិដក ភាគ ៦៧
ជារបស់មានបច្ច័យតាក់តែង ជាអាមិសនៃមារ មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា មានសេចក្តីស្លាប់ជាធម្មតា មានការសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា ជាហេតុឲ្យកើត ជារបស់វិនាស ជារបស់ឥតសង្ឃឹម ជាទោស មិនជាទីរលាស់ចេញ នេះតិរណបរិញ្ញា។
បហានបរិញ្ញា តើដូចម្តេច។ បុគ្គលត្រិះរិះយ៉ាងនេះហើយ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមានបែបភាពនូវតណ្ហា នេះបហានបរិញ្ញា។ បុគ្គលកំណត់ដឹងនូវតណ្ហា ដោយបរិញ្ញា ៣ នេះ ហេតុនោះ (លោកពោលថា) កំណត់ដឹងនូវតណ្ហា។
ពាក្យថា ជាអ្នកមិនមានអាសវៈ សេចក្តីថា អាសវៈ ៤ គឺ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជាសវៈ។ អាសវៈទាំងនេះ បុគ្គលទាំងឡាយណា បានលះបង់ ផ្តាច់ឫសចោល ធ្វើឲ្យសល់តែទីនៅដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យកើតមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត ជនទាំងនោះ លោកហៅថា អ្នកមិនមានអាសវៈ។ ពាក្យថា ជនទាំងឡាយណា បានដល់ពួកព្រះអរហន្តខីណាស្រព។
ពាក្យថា តថាគតពោលថា ... ឬជនទាំងឡាយណា កំណត់ដឹងនូវតណ្ហា ជាអ្នកមិនមានអាសវៈ ជនទាំងនោះឯង ឈ្មោះថា ឆ្លងផុតឱឃៈ បានសេចក្តីថា ជនទាំងឡាយណា កំណត់ដឹងតណ្ហា ជាអ្នកមិនមានអាសវៈ
ID: 637355289352792435
ទៅកាន់ទំព័រ៖