ព្រះត្រៃបិដក ភាគ ៦៧

ហេម​កមាណវ​កប្ប​ញ្ហា​និទ្ទេស ទី៨​


[៣២០​] (ហេម​កៈ​មាន​អាយុ​ទូល​សួរ​ដូច្នេះ​ថា​) ក្នុង​កាលមុន អំពី​សាសនា​ព្រះ​គោតម ជន​ទាំងឡាយ​ណា​ ព្យាករ​ថា ហេតុ​ធ្លាប់​មាន​ហើយ​ដូច្នេះ នឹង​មាន​ដូច្នេះ ពាក្យ​ទាំងអស់​នោះ​ ជា​ពាក្យ​ជឿស្តាប់​បុគ្គល​ដទៃ ពាក្យ​ទាំងអស់​នោះ ជា​ពាក្យ​ធ្វើ​សេចក្តី​ត្រិះរិះ​ឲ្យ​ចំរើន ខ្ញុំ​ព្រះអង្គ​មិន​ត្រេកអរ​ក្នុង​ពាក្យ​នោះ​ឡើយ។

 [៣២១​] អធិប្បាយ​ពាក្យ​ថា ជន​ទាំងឡាយ​ណា ព្យាករ ត្រង់​ពាក្យ​ថា​ ជន​ទាំងឡាយ​ណា គឺ​ពាវ​រី​ព្រាហ្មណ៍​ណា​ផង ព្រាហ្មណ៍​ទាំងឡាយ​ដទៃ​ណា ជា​អាចារ្យ​របស់​ពាវ​រី​ព្រាហ្មណ៍​នោះ​ផង​ ព្រាហ្មណ៍​ទាំងនោះ ព្យាករ ប្រាប់ សំដែង បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស​ហើយ​ នូវ​ទិដ្ឋិ​របស់​ខ្លួន សេចក្តី​គួរ​របស់​ខ្លួន សេចក្តី​គាប់ចិត្ត​របស់​ខ្លួន លទ្ធិ​របស់​ខ្លួន​ អធ្យាស្រ័យ​របស់​ខ្លួន សេចក្តី​ប៉ុនប៉ង​របស់​ខ្លួន ហេតុ​នោះ (លោក​ពោល​ថា​) ជន​ទាំងឡាយ​ណា​ ព្យាករ។ ពាក្យ​ថា ដូច្នេះ របស់​បទ​ថា ហេម​កៈ​មាន​អាយុ​ទូល​សួរ​ដូច្នេះ​ ជា​ពាក្យ​តំណ​បទ។បេ។ ពាក្យ​ថា ដូច្នេះ នេះ ជាលំដាប់​លំដោយ​នៃ​បទ។ ពាក្យ​ថា មាន​អាយុ​ គឺ​ពាក្យជា​ទីស្រឡាញ់ ជា​ពាក្យ​គោរព ពាក្យ​ថា មាន​អាយុ នេះ​ជា​ពាក្យ​ពោល​ដោយ​គោរព កោតខ្លាច។
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637355290245875180
ទៅកាន់ទំព័រ៖