ព្រះត្រៃបិដក ភាគ ៦៧

 [៣២៥​] ពាក្យ​ថា ពាក្យ​ទាំងអស់​នោះ ជា​ពាក្យ​ធ្វើ​សេចក្តី​ត្រិះរិះ​ ឲ្យ​ចំរើន គឺ​ពាក្យ​ទាំងអស់​នោះ ជា​ពាក្យ​ធ្វើ​សេចក្តី​ត្រិះរិះ​ឲ្យ​ចំរើន ធ្វើ​សេចក្តី​ត្រិះរិះ​ផ្សេង​ ៗ ឲ្យ​ចំរើន ធ្វើ​តម្រិះ​ឲ្យ​ចំរើន ធ្វើ​សេចក្តី​ត្រិះរិះ​ក្នុង​កាម​ឲ្យ​ចំរើន ធ្វើ​សេចក្តី​ត្រិះរិះ​ក្នុង​ព្យាបាទ​ ឲ្យ​ចំរើន ធ្វើ​សេចក្តី​ត្រិះរិះ​ក្នុង​ការបៀតបៀន​ឲ្យ​ចំរើន ធ្វើ​សេចក្តី​ត្រិះរិះ​ញាតិ​ឲ្យ​ចំរើន​ ធ្វើ​សេចក្តី​ត្រិះរិះ​ជនបទ​ឲ្យ​ចំរើន ធ្វើ​សេចក្តី​ត្រិះរិះ​ការ​មិន​ស្លាប់​ឲ្យ​ចំរើន ធ្វើ​សេចក្តី​ត្រិះរិះ​ដែល​ប្រកបដោយ​សេចក្តី​អាណិត​ ចំពោះ​បុគ្គល​ដទៃ​ឲ្យ​ចំរើន ធ្វើ​សេចក្តី​ត្រិះរិះ​ដែល​ប្រកបដោយ​លាភៈ​ សក្ការៈ និង​សេចក្តី​សរសើរ​ឲ្យ​ចំរើន​ ធ្វើ​សេចក្តី​ត្រិះរិះ​ដែល​ប្រកបដោយ​សេចក្តី​មិន​មើលងាយ​ឲ្យ​ចំរើន​ ហេតុ​នោះ (លោក​ពោល​ថា​) ពាក្យ​ទាំងអស់​នោះ ជា​ពាក្យ​ធ្វើ​សេចក្តី​ត្រិះរិះ​ឲ្យ​ចំរើន។
 [៣២៦​] ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​មិន​ត្រេកអរ​ក្នុង​ពាក្យ​នោះ​ឡើយ​ គឺ​ខ្ញុំ​ព្រះអង្គ មិនបាន មិន​លុះ មិនបាន​ចំពោះ ហេតុ​នោះ​ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​មិន​ត្រេកអរ​ក្នុង​ពាក្យ​នោះ​ឡើយ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
(ហេម​កៈ​មាន​អាយុ​ទូល​សួរ​ដូច្នេះ​ថា​) ក្នុង​កាលមុន​អំពី​សាសនា​ព្រះ​គោតម ជន​ទាំងឡាយ​ណា ព្យាករ​ថា ហេតុ​ធ្លាប់​មាន​ហើយ​ដូច្នេះ​ នឹង​មាន​ដូច្នេះ ពាក្យ​ទាំង​អស់​នោះ ជា​ពាក្យ​ជឿស្តាប់​បុគ្គល​ដទៃ ពាក្យ​ទាំងអស់​នោះ ជា​ពាក្យ​ធ្វើ​សេចក្តី​ ត្រិះរិះ​ឲ្យ​ចំរើន ខ្ញុំ​ព្រះអង្គ​មិន​ត្រេកអរ​ក្នុង​ពាក្យ​នោះ​ឡើយ។
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637355291058010501
ទៅកាន់ទំព័រ៖