ព្រះត្រៃបិដក ភាគ ៦៧
[៣២៧] បពិត្រព្រះមុនិ សូមព្រះអង្គសំដែងធម៌ សម្រាប់ដកចេញនូវតណ្ហា ជាធម៌ដែលនាំឲ្យបុគ្គលដឹងច្បាស់ មានសតិ ប្រព្រឹត្តឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោក ដល់ខ្ញុំព្រះអង្គ។
[៣២៨] ពាក្យថា សូមព្រះអង្គសំដែលធម៌ដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា ព្រះអង្គ គឺព្រាហ្មណ៍ពោលចំពោះព្រះមានព្រះភាគ។ ពាក្យថា ធម៌ របស់បទថា សូមសំដែងធម៌ គឺសូមព្រះអង្គ ពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសនូវធម៌ មានពីរោះបទខាងដើម មានពីរោះបទកណ្តាល មានពីរោះបទខាងចុង នូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ នូវសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ព្រះនិព្វាន និងបដិបទាជាដំណើរទៅកាន់ព្រះនិព្វាន ហេតុនោះ (លោកពោលថា) សូមព្រះអង្គ សំដែងធម៌ដល់ខ្ញុំព្រះអង្គ។
[៣២៩] ពាក្យថា បពិត្រព្រះមុនិ ... សម្រាប់ដកចេញនូវតណ្ហា ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា សម្រាប់ដកចេញនូវតណ្ហា គឺជាគ្រឿងធ្វើតណ្ហាឲ្យវិនាស ជាគ្រឿងលះបង់តណ្ហា ជាគ្រឿងរម្ងាប់តណ្ហា ជាគ្រឿងរលាស់ចោលតណ្ហា ជាគ្រឿងស្ងប់រម្ងាប់តណ្ហា អមតនិព្វាន។
ID: 637355291512600316
ទៅកាន់ទំព័រ៖