ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា មិនឃ្លៀងឃ្លាត គឺទៀងទាត់ ឋិតថេរ ខ្ជាប់ខ្ជួន មិនប្រែប្រួលជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) និព្វានបទ ជាធម្មជាតមិនឃ្លៀងឃ្លាត។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ម្នាលហេមកៈ និព្វានបទ ជាធម្មជាតមិនឃ្លៀងឃ្លាត ជាគ្រឿងបន្ទោបង់ឆន្ទរាគក្នុងអារម្មណ៍ មានសភាពគួរស្រឡាញ់ ដែលឃើញ ឮ ប៉ះពាល់ (ឬដឹងច្បាស់) ក្នុងលោកនេះ។
[៣៣៧] ជនទាំងឡាយណា ដឹងនិព្វាននុ៎ះ ជាអ្នកមានសតិ មានធម៌ឃើញហើយ រលត់កិលេសហើយ ជនទាំងនោះ ជាអ្នកស្ងប់រម្ងាប់សព្វកាល ឈ្មោះថាឆ្លងនូវវិសត្តិកាតណ្ហាក្នុងលោកបាន។
[៣៣៨] អធិប្បាយពាក្យថា ជនទាំងឡាយណា ដឹងនិព្វាននុ៎ះ ជាអ្នកមានសតិ ត្រង់ពាក្យថា និព្វាននុ៎ះ គឺអមតនិព្វាន បានខាងការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរំលត់ទុក្ខ និព្វាន។ ពាក្យថា ដឹង គឺដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដ គឺដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងមិនទៀង ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងជាទុក្ខ ថាធម៌ទាំងពួងជាអនត្តា។បេ។
ID: 637355293889466724
ទៅកាន់ទំព័រ៖