ព្រះត្រៃបិដក ភាគ ៦៧
តោទេយ្យមាណវកប្បញ្ហានិទ្ទេស ទី៩
[៣៤២] (តោទេយ្យមានអាយុ ទូលសួរដូច្នេះថា) កាមទាំងឡាយ មិនមាននៅក្នុងបុគ្គលណា តណ្ហារបស់បុគ្គលណាមិនមាន មួយទៀត បុគ្គលណា ឆ្លងសេចក្តីសង្ស័យបានហើយ វិមោក្ខធម៌របស់បុគ្គលនោះ តើដូចម្តេចទៅ។
[៣៤៣] ពាក្យថា កាមទាំងឡាយ មិនមាននៅក្នុងបុគ្គលណា គឺកាមទាំងឡាយ មិនមាននៅ មិននៅព្រម មិននៅទួទៅក្នុងបុគ្គលណា។ ពាក្យថា ដូច្នេះ របស់បទថា តោទេយ្យមានអាយុ ពោលដូច្នេះ ជាតំណបទ។បេ។ ពាក្យថា ដូច្នេះនេះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុ នេះជាពាក្យពោលដោយសេចក្តីគោរពកោតខ្លាច។ ពាក្យថា តោទេយ្យ ជាឈ្មោះរបស់ព្រាហ្មណ៍នោះ។បេ។ ជាពាក្យសម្រាប់ហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) តោទេយ្យមានអាយុ ទូលសួរដូច្នេះ។
[៣៤៤] ពាក្យថា តណ្ហារបស់បុគ្គលណា មិនមាន គឺតណ្ហានៃបុគ្គលណា មិនមាន មិនមានព្រម មិនកើតមាន គឺបុគ្គលណា លះបង់ រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (លោកពោលថា) តណ្ហារបស់បុគ្គលណា មិនមាន។
ID: 637355295443103176
ទៅកាន់ទំព័រ៖