ព្រះត្រៃបិដក ភាគ ៦៧

 [៣៥០​] ពាក្យ​ថា មួយទៀត បុគ្គល​ណា ឆ្លង​សេចក្តី​សង្ស័យ​បាន​ សេចក្តី​ថា វិចិកិច្ឆា លោក​ហៅថា សេចក្តី​សង្ស័យ គឺ​សេចក្តី​ងឿងឆ្ងល់​ក្នុង​ទុក្ខ។បេ។ ភាព​នៃ​ចិត្ត​ញាប់ញ័រ ការ​ស្លាកស្នាម​នៃ​ចិត្ត។ ពាក្យ​ថា ណា គឺ​ព្រះ​ខីណាស្រព​ណា។ ពាក្យ​ថា មួយទៀត បុគ្គល​ណា ឆ្លង​សេចក្តី​សង្ស័យ​បាន បានន័យ​ថា មួយទៀត បុគ្គល​ណា ឆ្លង ឆ្លង​ឡើង​ ឆ្លង​ចេញ កន្លង រំលង ប្រព្រឹត្ត​កន្លង នូវ​សេចក្តី​សង្ស័យ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មួយទៀត បុគ្គល​ណា ឆ្លង​សេចក្តី​សង្ស័យ​បាន។
 [៣៥១​] ពាក្យ​ថា វិមោក្ខធម៌​របស់​បុគ្គល​នោះ មិនមែន​ទៅជា​ដទៃ​ទេ​ គឺ​វិមោក្ខធម៌​ដទៃ របស់​បុគ្គល​នោះ មិន​មាន បុគ្គល​គប្បី​រួច​ដោយ​វិមោក្ខ​ណា​ កិច្ច​ដែល​បុគ្គល​នោះ​គប្បី​ធ្វើ​ដោយ​វិមោក្ខ​នោះ ដូចម្តេច​កើត ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) វិមោក្ខធម៌​របស់​បុគ្គល​នោះ​ មិនមែន​ទៅជា​ដទៃ​ទេ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
(ព្រះមានព្រះភាគ ត្រាស់​ថា ម្នាល​តោ​ទេយ្យ​) កាម​ទាំងឡាយ មិន​មាននៅ​ក្នុង​បុគ្គល​ណា តណ្ហា​របស់​បុគ្គល​ណា មិន​មាន មួយទៀត​ បុគ្គល​ណា ឆ្លង​សេចក្តី​សង្ស័យ​បាន វិមោក្ខធម៌​របស់​បុគ្គល​នោះ មិនមែន​ទៅជា​ដទៃ​ទេ។
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637355296710452932
ទៅកាន់ទំព័រ៖