ព្រះត្រៃបិដក ភាគ ៦៧
ថាសេចក្តីរលត់តណ្ហា ព្រោះការរលត់វេទនា ថាសេចក្តីរលត់ឧបាទាន ព្រោះការរលត់តណ្ហា ថាសេចក្តីរលត់ភព ព្រោះការរលត់ឧបាទាន ថាសេចក្តីរលត់ជាតិ ព្រោះការរលត់ភព ថាសេចក្តីរលត់ជរា និងមរណៈ ព្រោះការរលត់ជាតិ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា នេះទុក្ខ ថានេះហេតុឲ្យកើតទុក្ខ ថានេះសេចក្តីរលត់ទុក្ខ ថានេះបដិបទាដំណើរទៅកាន់ទីរលត់ទុក្ខ។ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយ ៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា នេះពួកអាសវៈ ថានេះហេតុឲ្យកើតអាសវៈ ថានេះសេចក្តីរលត់អាសវៈ ថានេះបដិបទាដំណើរទៅកាន់ទីរលត់អាសវៈ។ ខែ្សទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយ ៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញថា ធម៌ទាំងនេះ គប្បីត្រាស់ដឹង ថាធម៌ទាំងនេះ គប្បីកំណត់ដឹង ថាធម៌ទាំងនេះ គប្បីលះ ថាធម៌ទាំងឡាយនេះ គប្បីចំរើន ថាធម៌ទាំងឡាយនេះ គប្បីធ្វើឲ្យជាក់ច្បាស់។ ខ្សែទាំងនុ៎ះ បុគ្គលបិទ ដាច់សូន្យ មិនហូរទៅ មិនហូរសំយុង មិនហូររឿយៗ មិនប្រព្រឹត្តទៅដោយបញ្ញារបស់បុគ្គលអ្នកដឹង អ្នកឃើញសេចក្តីកើតឡើង វិនាសទៅ អានិសង្ស ទោស និងកិរិយារលាស់ចេញនូវផស្សាយតនៈទាំងប្រាំមួយ។
ID: 637354309534428922
ទៅកាន់ទំព័រ៖