ព្រះត្រៃបិដក ភាគ ៦៧
ព្រះនាមថាសក្កៈ ព្រោះហេតុទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យដោយរតនៈ ទ្រព្យទាំងនោះ មានប្រការជាអនេក ក៏បាន។ ឬថាព្រះនាមថាសក្កៈ ព្រោះហេតុមានព្យាយាមច្រើន មានចិត្តអង់អាច ក្លៀវក្លា ប្រកបដោយព្យាយាម មានព្យាយាមមោះមុត មិនខ្លាច មិនព្រឺរោម មិនតក់ស្លុត មិនរត់ មានភ័យគួរខ្លាចលះបង់ហើយ ប្រាសចាកការព្រឺរោម ក៏បាន។ ពាក្យថា បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គគប្បីដឹងនូវមុនិណា គឺបពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គគប្បីដឹង គប្បីដឹងច្បាស់ គប្បីដឹងចំពោះ គប្បីចាក់ធ្លុះនូវមុនិណា ហេតុនោះ (លោកសួរថា) បពិត្រព្រះសក្កៈ ខ្ញុំព្រះអង្គគប្បីស្គាល់នូវមុនិណា។
[៣៥៦] ពាក្យថា បពិត្រព្រះអង្គជាសមន្តចក្ខុ សូមព្រះអង្គត្រាស់ប្រាប់នូវមុនិនោះ ដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា មុនិនោះ គឺខ្ញុំសួរនូវមុនិណា អង្វរមុនិណា អារាធនាមុនិណា ដណ្តឹងនូវមុនិណា។ ពាក្យថា សូមត្រាស់ប្រាប់ គឺសូមប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ ប្រកាស។ ពាក្យថា សមន្តចក្ខុ សេចក្តីថា សព្វញ្ញុតញ្ញាណ លោកហៅថា សមន្តចក្ខុ។បេ។ ព្រះតថាគត ទ្រង់ព្រះនាមសមន្តចក្ខុ ដោយហេតុនោះ ហេតុនោះ (លោកសួរថា) បពិត្រព្រះអង្គជាសមន្តចក្ខុ សូមព្រះអង្គត្រាស់ប្រាប់នូវមុនិនោះ ដល់ខ្ញុំព្រះអង្គ។ ហេតុនោះ ព្រាហ្មណ៍នោះទូលសួរថា
ID: 637355297778089618
ទៅកាន់ទំព័រ៖