ព្រះត្រៃបិដក ភាគ ៦៧

 [៣៥៩​] ពាក្យ​ថា បុគ្គល​នោះ ជា​អ្នកមាន​បញ្ញា ទាំង​មិន​មានការ​កំណត់​ដោយ​បញ្ញា​ ត្រង់​ពាក្យ​ថា បុគ្គល​នោះ ជា​អ្នកមាន​បញ្ញា គឺជា​បណ្ឌិត​មាន​ប្រាជ្ញា មាន​ប្រាជ្ញា​ជា​គ្រឿង​ត្រាស់​ដឹង មាន​ញាណ មាន​ប្រាជ្ញា​ភ្លឺច្បាស់ មាន​ប្រាជ្ញា​ជា​គ្រឿង​ទំ​លាយ​បង់​នូវ​កិលេស។ ពាក្យ​ថា ទាំង​មិន​មានការ​កំណត់​ដោយ​បញ្ញា គឺ​មិនកំណត់ មិន​បង្កើត មិន​បង្កើត​ព្រម មិន​បង្កើត​ មិន​បង្កើត​ចំពោះ​នូវ​តណ្ហា​កប្បៈ ឬទិដ្ឋិ​កប្បៈ​ដោយ​ញាណ​ប្រកបដោយ​សមាបត្តិ ៨ ក្តី ដោយ​ញាណ គឺ​អភិញ្ញា ៥ ក្តី ដោយ​មិច្ឆា​ញាណ​ក្តី ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​នោះ ជា​អ្នកមាន​បញ្ញា ទាំង​មិន​មានការ​កំណត់​ដោយ​បញ្ញា។
 [៣៦០​] ពាក្យ​ថា មុនិ របស់​បទ​ថា ម្នាល​តោ​ទេយ្យ​ អ្នក​ចូរ​ស្គាល់​នូវ​បុគ្គល​នោះ​ថា​ជាមុ​និ យ៉ាងនេះ​ចុះ ត្រង់​ពាក្យ​ថា មុនិ​ សេចក្តី​ថា ញាណ លោក​ហៅថា​ មោនៈ។ប។ មុនិ​នោះ​ កន្លង​ហើយ​នូវ​បណ្តាញ គឺ​កិលេស​ជា​គ្រឿង​ជាប់​ចំពាក់។ ពាក្យ​ថា ម្នាល​តោ​ទេយ្យ អ្នក​ចូរ​ស្គាល់​នូវ​បុគ្គល​នោះ​ថា​ជាមុ​និ យ៉ាងនេះ​ចុះ បាន​សេចក្តី​ថា ម្នាល​តោ​ទេយ្យ អ្នក​ចូរ​ដឹង ចូរ​ដឹង​ច្បាស់ ចូរ​ដឹង​ចំពោះ​នូវ​បុគ្គល​នោះ​ថា ជាមុ​និ យ៉ាងនេះ​ចុះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ម្នាល​តោ​ទេ​យ្យ អ្នក​ចូរ​ស្គាល់​នូវ​បុគ្គល​នោះ​ថា​ជាមុ​និ​ យ៉ាងនេះ​ចុះ។
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 637355298477241788
ទៅកាន់ទំព័រ៖