ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុ នុ៎ះ ជាពាក្យពោលដោយគោរពកោតក្រែង។ ពាក្យថា កប្បៈ ជាឈ្មោះរបស់ព្រាហ្មណ៍។បេ។ ជាពាក្យហៅព្រាហ្មណ៍នោះ ហេតុនោះ (មានពាក្យថា) កប្បមាណពមានអាយុ ទូលសួរដូច្នេះ។
[៣៦៤] ពាក្យថា ព្រោះឱឃៈជាភ័យធំកើតឡើងហើយ គឺ ព្រោះកាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ អវិជ្ជោឃៈ កើត កើតព្រម កកើត កើតចំពោះ កើតប្រាកដ។ ពាក្យថា ភ័យធំ បានដល់ ភ័យអំពីជាតិ ភ័យអំពីជរា ភ័យអំពីព្យាធិ ភ័យអំពីមរណៈ ហេតុនោះ (លោកសួរថា) ព្រោះឱឃៈជាភ័យធំ កើតឡើងហើយ។
[៣៦៥] ពាក្យថា ដែលត្រូវជរា និងមច្ចុ គ្របសង្កត់ គឺត្រូវជរាប៉ះពាល់ គ្របសង្កត់ រួបរឹត ទន្រ្ទាន ត្រូវមច្ចុប៉ះពាល់ គ្របសង្កត់ រួបរឹត ទន្ទ្រាន ត្រូវជាតិជាប់តាម ត្រូវជរាជ្រួតជ្រាបចូល ត្រូវព្យាធិគ្របសង្កត់ ត្រូវមរណៈកំចាត់ មិនមានទីការពារ មិនមានទីជ្រក មិនមានទីពឹង មិនមានបុគ្គលជាទីពំនាក់ ហេតុនោះ (លោកសួរថា) ដែលត្រូវជរា និងមច្ចុគ្របសង្កត់។
ID: 637355301518170357
ទៅកាន់ទំព័រ៖