ព្រះត្រៃបិដក ភាគ ៦៧

 [៣៧០​] ពាក្យ​ថា អ្នក​ឋិតនៅ​ក្នុង​កណ្តាល​នៃ​ស្រះ អធិប្បាយ​ថា​ សង្សារ​ លោក​ហៅថា ស្រះ បាន​ដល់​ដំណើរ​មក ដំណើរ​ទៅ ដំណើរ​ទៅ​ និង​មក មរណកាល គតិ ភព​តូច ភព​ធំ ការ​ច្យុតិ​ផង ការ​ចាប់កំណើត​ផង ការ​កើត​ផង ការ​បែកធ្លាយ​ផង​ ជាតិ​ផង ជរា​ផង មរណៈ​ផង។ ទីបំផុត​ខាងដើម​នៃ​សង្សារ​មិន​ប្រាកដ ទាំង​ទីបំផុត​ខាងចុង ក៏​មិន​ប្រាកដ។បេ។ ពួក​សត្វ​ឋិតនៅ តាំងនៅ ជាប់ស្អិត​ នៅ​កុះករ ជ្រុលជ្រប់ ចុះ​ស៊ប់​ហើយ ក្នុង​សង្សារ​តែ​ត្រង់​កណ្តាល។ ទីបំផុត​ខាងដើម​នៃ​សង្សារ​មិន​ប្រាកដ តើ​ដូចម្តេច។បេ។ ទីបំផុត​ខាងដើម​នៃ​សង្សារ មិន​ប្រាកដ​យ៉ាងនេះ​ខ្លះ។ ទីបំផុត​ខាង​ចុង​នៃ​សង្សារ មិន​ប្រាកដ តើ​ដូចម្តេច។បេ។ ទីបំផុត​ខាងចុង​នៃ​សង្សារ​ មិន​ប្រាកដ​យ៉ាងនេះ​ខ្លះ។ ទីបំផុត​ខាងដើម​នៃ​សង្សារ ក៏​មិន​ប្រាកដ ទាំង​ទីបំផុត​ខាងចុង​ ក៏​មិន​ប្រាកដ​យ៉ាងនេះ។ ពួក​សត្វ​ឋិតនៅ តាំងនៅ ជាប់ស្អិត​នៅ កុះករ ជ្រុលជ្រប់​ ចុះ​ស៊ប់​ហើយ​ក្នុង​សង្សារ​តែ​ត្រង់​កណ្តាល ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ឋិតនៅ​ក្នុង​កណ្តាល​នៃ​ស្រះ។ ពាក្យ​ថា ម្នាល​កប្បៈ របស់​បទ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​កប្បៈ គឺ​ព្រះមានព្រះភាគ​ត្រាស់​ហៅ​ព្រាហ្មណ៍​នោះ​តាម​ឈ្មោះ។ ពាក្យ​ថា ព្រះមានព្រះភាគ​នុ៎ះ​ ជា​ពាក្យ​ពោល​ដោយ​គោរព។បេ។ ការ​បញ្ញត្តិ​ថា ព្រះមានព្រះភាគ នេះ​ (កើត​) ព្រោះ​ការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុ​នោះ (មាន​ពាក្យ​ថា​) ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​កប្បៈ។
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637355302593777269
ទៅកាន់ទំព័រ៖