ព្រះត្រៃបិដក ភាគ ៦៧

(ព្រះមានព្រះភាគ​ត្រាស់​ថា​) ម្នាល​កប្បៈ តថាគត​នឹង​ប្រាប់​អ្នក​ នូវ​ទីពឹង​របស់​ពួក​សត្វ​អ្នក​ឋិតនៅ​ក្នុង​កណ្តាល​នៃ​ស្រះ ដែល​ត្រូវ​ជរា និង​មច្ចុ​គ្រប​សង្កត់ ព្រោះ​ឱឃៈ​ជា​ភ័យ​ធំ​កើតឡើង​ហើយ។
[៣៧៤​] ការ​មិន​កង្វល់ ការ​មិន​ប្រកាន់​មាំ នុ៎ះឯង​ជាទី​ពឹង​ ឯទីពឹង​ក្រៅពី​នេះ ពុំ​មាន​ទេ តថាគត​ហៅ​នូវ​ទីពឹង​នោះ ថា​និព្វាន ជាទី​អស់​ជរា និង​មច្ចុ​ដោយ​ប្រការ​ដូច្នេះ។

 [៣៧៥​] ពាក្យ​ថា ការ​មិន​កង្វល់ ការ​មិន​ប្រកាន់​មាំ​ ត្រង់​ពាក្យ​ថា ការ​មិន​កង្វល់​ សេចក្តី​ថា កង្វល់​គឺ​រាគៈ កង្វល់​គឺ​ទោសៈ​ កង្វល់​គឺ​មោហៈ កង្វល់​គឺ​មានះ​ កង្វល់​គឺ​ទិដ្ឋិ កង្វល់​គឺ​កិលេស កង្វល់​គឺ​ទុច្ចរិត ការ​លះបង់​កង្វល់ ការ​រម្ងាប់​កង្វល់​ ការ​រលាស់​កង្វល់ ការ​ស្ងប់​កង្វល់ អមត​និព្វាន ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​មិន​កង្វល់។ ពាក្យ​ថា ការ​មិន​ប្រកាន់​មាំ​ សេចក្តី​ថា តណ្ហា លោក​ហៅថា ការ​ប្រកាន់​មាំ បាន​ដល់​រាគៈ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ​ អកុសលមូល ការ​លះបង់​សេចក្តី​ប្រកាន់​មាំ ការ​រម្ងាប់​សេចក្តី​ប្រកាន់ ការ​រលាស់ចោល​សេចក្តី​ប្រកាន់​មាំ​ ការ​ស្ងប់​សេចក្តី​ប្រកាន់​មាំ អមត​និព្វាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ការ​មិន​កង្វល់ ការ​មិន​ប្រកាន់​មាំ។
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637355306697896077
ទៅកាន់ទំព័រ៖