ព្រះត្រៃបិដក ភាគ ៦៧

[៧៦​] (អជិ​តៈ​មាន​អាយុ ក្រាបបង្គំទូល​ថា​) បពិត្រ​ព្រះអង្គ​និរទុក្ខ បញ្ញា ១ សតិ ១ នាម និង​រូប ១ ខ្ញុំ​ព្រះអង្គ​សួរ​ហើយ សូម​ទ្រង់​សំដែង​ប្រាប់​នូវ​សេចក្តី​នុ៎ះ ដល់​ខ្ញុំ​ព្រះអង្គ​ តើ​ធម៌​នុ៎ះ រលត់​ទៅ​ក្នុង​ទីណា។

 [៧៧​] ពាក្យ​ថា បញ្ញា ១ សតិ ១ ត្រង់​ពាក្យ​ថា បញ្ញា​ បានខាង​ប្រាជ្ញា ការ​ដឹង​ច្បាស់ ការពិចារណា ការពិចារណា​ឃើញ ការកំណត់ ការកំណត់​ដឹង ការកំណត់​ដឹងសព្វ​ ភាព​នៃ​ការ​ឈ្លាសវៃ ភាព​នៃ​ការ​វាងវៃ ភាព​នៃ​បញ្ញា​ដ៏​ពេញលេញ សេចក្តី​យល់​ច្បាស់ ការ​គិត ការ​រំពឹង​ ប្រាជ្ញា​ក្រាស ប្រាជ្ញា​សម្រាប់​ទំ​លាយ​បង់​នូវ​កិលេស ប្រាជ្ញា​សម្រាប់​ដឹកនាំ ប្រាជ្ញា​សម្រាប់​ឃើញច្បាស់ សេចក្តី​ដឹង​ច្បាស់ សភាព​នៃ​ការ​ទំ​លុះ​បញ្ញា​ ឥន្រ្ទិយ​គឺ​បញ្ញា កំលាំង​គឺ​បញ្ញា សស្រ្តា​គឺ​បញ្ញា ប្រាសាទ​គឺ​បញ្ញា​ ពន្លឺ​គឺ​បញ្ញា រស្មី​គឺ​បញ្ញា ការ​រុងរឿង​គឺ​បញ្ញា កែវ​គឺ​បញ្ញា សេចក្តី​មិន​វង្វេង ការពិចារណា​ធម៌​ សេចក្តី​យល់​ត្រូវ។ ពាក្យ​ថា សតិ បាន​ដល់ សេចក្តី​រឭក សេចក្តី​រឭក​រឿយ ៗ។បេ។ សេចក្តី​រឭក​ត្រូវ ហេតុ​នោះ (មាន​ពាក្យ​ថា​) អជិត​មាណព​ដ៏​មាន​អាយុ ពោល​ថា បញ្ញា​ ១ សតិ​ ១។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637354310297183976
ទៅកាន់ទំព័រ៖