ព្រះត្រៃបិដក ភាគ ៦៧
ការមិនមានកង្វល់ ការមិនប្រកាន់មាំ នុ៎ះឯងជាទីពឹង ឯទីពឹងក្រៅពីនេះ ពុំមានទេ តថាគតហៅនូវទីពឹងនោះ ថានិព្វាន ជាទីអស់ជរា និងមច្ចុ ដោយប្រការដូច្នេះ។
[៣៧៩] ពួកជនណា ជាអ្នកមានសតិ ដឹងនូវទីពឹងនុ៎ះ មានធម៌ឃើញហើយ ជាអ្នករំលត់ហើយ ពួកជននោះ ជាអ្នកមិនលុះអំណាចមារ ពួកជននោះ ជាអ្នកមិនដល់នូវភាពជាអ្នកបំរើមារ។
[៣៨០] ពាក្យថា ពួកជនណា ជាអ្នកមានសតិ ដឹងនូវទីពឹងនុ៎ះ ត្រង់ពាក្យថា ទីពឹងនុ៎ះ គឺអមតនិព្វាន បានដល់ការរម្ងាប់សង្ខារទាំងពួង ការលះឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ និព្វាន។ ពាក្យថា ដឹង គឺដឹងច្បាស់ ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងឡាយទាំងពួងមិនទៀង។បេ។ ដឹងច្បាស់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា វត្ថុណាមួយមានកិរិយាកើតឡើងជាធម្មតា វត្ថុទាំងអស់នោះ មានកិរិយារលត់វិញជាធម្មតា។ ពាក្យថា ពួកជនណា បានដល់ពួកព្រះអរហន្តខីណាស្រព។ ពាក្យថា មានសតិ គឺមានសតិដោយហេតុ ៤ គឺ កំពុងចំរើនកាយេកាយានុបស្សនាសតិប្បដ្ឋាន ឈ្មោះថាមានសតិ។បេ។ ហេតុនោះ ពួកនោះ លោកហៅថា អ្នកមានសតិ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនណា មានសតិដឹងនូវទីពឹងនុ៎ះ។
ID: 637355307451430475
ទៅកាន់ទំព័រ៖