ព្រះត្រៃបិដក ភាគ ៦៧
ជតុកណ្ណីមាណវកប្បញ្ហានិទ្ទេស ទី១១
[៣៨៤] (ជតុកណ្ណីមានអាយុ ទូលសួរដូច្នេះថា) បពិត្រព្រះអង្គ ជាវីរបុរស ខ្ញុំព្រះអង្គបានឮហើយ ទើបមកដើម្បីទូលសួរព្រះអង្គ ទ្រង់មិនមានប្រាថ្នាក្នុងកាម ទ្រង់ឆ្លងឱឃៈ ទ្រង់មិនមានសេចក្តីប្រាថ្នា បពិត្រព្រះអង្គមានព្រះនេត្រកើតព្រមគ្នា សូមព្រះអង្គសំដែងនូវសន្តិបទ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវសន្តិបទនោះ ដែលជាធម៌ពិត ដល់ខ្ញុំព្រះអង្គឲ្យទាន។
[៣៨៥] ពាក្យថា បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គបានឮហើយ ... ទ្រង់មានប្រាថ្នាក្នុងកាម អធិប្បាយថា ខ្ញុំព្រះអង្គឮ ស្តាប់ រៀន ចាំទុក កំណត់ទុកថា ព្រះមានព្រះភាគព្រះអង្គនោះ ជាព្រះអរហន្ត ព្រោះហេតុដូច្នេះខ្លះ។បេ។ ព្រះអង្គត្រាស់ដឹងហើយ ព្រះអង្គមានចំណែកធម៌ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គបានឮហើយ។ ពាក្យថា បពិត្រព្រះអង្គជាវីរបុរស គឺព្រះពុទ្ធជាវីរជន។ ព្រះមានព្រះភាគជាវីរបុរស ព្រោះទ្រង់មានសេចក្តីព្យាយាម។ ជាវីរបុរស ព្រោះព្រះអង្គជាអ្នកសម្បូណ៌ដោយគុណ។ ជាវីរបុរស ព្រោះព្រះអង្គញ៉ាំងសេចក្តីព្យាយាមឲ្យកើត (ក្នុងសន្តានរបស់អ្នកដទៃ)។ ជាវីរបុរស ព្រោះព្រះអង្គមានព្រះហ្ឫទ័យអង់អាច។ ជាវីរបុរស ព្រោះព្រះអង្គជាបុគ្គលក្លៀវក្លា មោះមុត មិនខ្លាច មិនរន្ធត់ មិនស្លន់ មិនរត់ បានលះបង់នូវសេចក្តីខ្លាច និងសេចក្តីញ័រចំប្រប់ ប្រាសចាកសេចក្តីព្រឺព្រួចរោម។
ID: 637355308720811827
ទៅកាន់ទំព័រ៖