ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា ដូច្នេះ របស់​បទ​ថា ជតុ​កណ្ណី​មាន​អាយុ ទូល​សួរ​ដូច្នេះ គឺជា​ពាក្យ​តបទ។បេ។ ពាក្យ​ថា ដូច្នេះ នុ៎ះ ជាលំដាប់​បទ។ ពាក្យ​ថា មាន​អាយុ គឺ​ពាក្យជា​ទីស្រឡាញ់ ពាក្យ​ថា មាន​អាយុ​នុ៎ះ​ ជា​ពាក្យ​ពោល​ដោយ​គោរព​កោតក្រែង។ ពាក្យ​ថា ជតុ​កណ្ណី គឺជា​គោត្រ។បេ។ ជា​ពាក្យ​ហៅ​ព្រាហ្មណ៍​នោះ ហេតុ​នោះ (មាន​ពាក្យ​ថា​) ជតុ​កណ្ណី​មាន​អាយុ ទូល​សួរ​ដូច្នេះ។
 [៣៨៦​] អធិប្បាយ​ពាក្យ​ថា ទើប​មក​ដើម្បី​ទូល​សួរ​ព្រះអង្គ​ ទ្រង់​ឆ្លង​ឱឃៈ ទ្រង់​មិន​មាន​សេចក្តី​ប្រាថ្នា ត្រង់​ពាក្យ​ថា ទ្រង់​ឆ្លង​ឱឃៈ​ គឺ​ទ្រង់​កន្លង​ឱឃៈ ឈាន​កន្លង រំលង​ផុត ប្រព្រឹត្ត​កន្លង​ឱឃៈ ហេតុ​នោះ (លោក​ពោល​ថា​) ទ្រង់​ឆ្លង​ឱឃៈ។ ពាក្យ​ថា ដើម្បី​ទូល​សួរ គឺ​ដើម្បី​សាកសួរ ដើម្បី​ដណ្តឹង ដើម្បី​សូម ដើម្បី​អារាធនា​ ដើម្បីឲ្យ​ជ្រះថ្លា។ ពាក្យ​ថា ទើប​មក​ ... ទ្រង់​មិន​មាន​សេចក្តី​ប្រាថ្នា គឺ​យើងខ្ញុំ​មក​ហើយ​ ជា​អ្នក​មក​ហើយ ចូល​មក​ហើយ សំដៅ​មក​ហើយ គឺជា​អ្នក​មក​ជួបនឹង​ព្រះអង្គ​ ដើម្បី​ទូល​សួរ​ព្រះអង្គ ទ្រង់​មិន​មាន​ប្រាថ្នា ទ្រង់​ចេញ​ចាក​កាម ទ្រង់​ចោល​កាម​ ទ្រង់​ខ្ជាក់​កាម ទ្រង់​លែង​កាម ទ្រង់​លះ​កាម ទ្រង់​រលាស់​កាម​ ទ្រង់​ប្រាសចាក​រាគៈ ទ្រង់​ចោល​រាគៈ ទ្រង់​ខ្ជាក់​រាគៈ​ ទ្រង់​លែង​រាគៈ​ ទ្រង់​លះ​រាគៈ ទ្រង់​រលាស់ចោល​រាគៈ​ ហេតុ​នោះ (លោក​ទូល​សួរ​ថា​) ខ្ញុំ​ព្រះអង្គ​ទើប​មក​ដើម្បី​ទូល​សួរ​ព្រះអង្គ​ ទ្រង់​ឆ្លង​ឱឃៈ​ ទ្រង់​មិន​មាន​សេចក្តី​ប្រាថ្នា។
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 637355309415275692
ទៅកាន់ទំព័រ៖