ព្រះត្រៃបិដក ភាគ ៦៧
[៣៨៧] អធិប្បាយពាក្យថា បពិត្រព្រះអង្គមានព្រះនេត្រកើតព្រមគ្នា សូមព្រះអង្គសំដែងនូវសន្តិបទ ត្រង់ពាក្យថា សន្តិ សេចក្តីថា សន្តិក្តី សន្តិបទក្តី ដោយអាការតែមួយ គឺអមតនិព្វាននោះឯង បានដល់ការរម្ងាប់សង្ខារទាំងពួង ការរលាស់ចោលឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ និព្វាន។ សមដូចពាក្យនេះដែលព្រះមានព្រះភាគត្រាស់ថា នុ៎ះជាចំណែកដ៏ស្ងប់ នុ៎ះជាចំណែកដ៏ឧត្តម គឺការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ ;ព្រះនិព្វាន។ មួយទៀត បើដោយអាការដទៃ ពួកធម៌ណាប្រព្រឹត្តទៅ ដើម្បីកិរិយាបានសេចក្តីស្ងប់ ដើម្បីការពាល់ត្រូវសេចក្តីស្ងប់ ដើម្បីការធ្វើឲ្យជាក់លាក់ គឺសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ ពួកធម៌នេះ លោកហៅថា សន្តិបទ។ សូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត បើក ចែក ធ្វើឲ្យរាក់ ប្រកាសនូវសន្តិបទ ឧបាយជាគ្រឿងការពារ ឧបាយជាគ្រឿងជ្រក ឧបាយជាគ្រឿងពឹង ឧបាយមិនមានភ័យ ឧបាយមិនច្យុត ឧបាយមិនមានស្លាប់ ឧបាយគឺព្រះនិពា្វន។ ពាក្យថា បពិត្រព្រះអង្គទ្រង់មានព្រះនេត្រកើតព្រមគ្នា គឺសព្វញ្ញុតញ្ញាណ លោកហៅថា ព្រះនេត្រ។
ID: 637355309700936813
ទៅកាន់ទំព័រ៖