ព្រះត្រៃបិដក ភាគ ៦៧

ថា​ជា​សេចក្តី​ក្សេម ថា​ជាទី​ការពារ ថា​ជាទី​ជ្រក ថា​ជាទី​ពឹង ថា​ជាទី​ពំនាក់ ថា​ជាទី​មិន​មាន​ភ័យ​ ថា​ជាទី​មិន​ច្យុត ថា​ជាទី​មិន​មាន​សេចក្តី​ស្លាប់ ថា​ជាទី​ចេញ​ចាក​វានៈ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ចូរ​ឃើញ​នូវ​នេក្ខម្មៈ ថា​ជា​សេចក្តី​ក្សេម។
 [៣៩៨​] ពាក្យ​ថា ការ​ប្រកាន់ របស់​បទ​ថា ការ​ប្រកាន់​ក្តី​ ការ​ត្រូវ​រលាស់​ចេញ​ក្តី គឺ​ការ​ប្រកាន់ ការ​ស្ទាបអង្អែល ការ​ជាប់​ចំពាក់ ការ​ជ្រុលជ្រប់​ ការ​ចុះ​ស៊ប់ ដោយ​អំណាច​តណ្ហា ដោយអំណាច​ទិដ្ឋិ។ ពាក្យ​ថា ការ​ត្រូវ​រលាស់​ចេញ​ គឺ​ការ​ត្រូវ​លះលែង ការ​ត្រូវ​ដកចេញ ការ​ត្រូវ​លះបង់ ការ​ត្រូវ​ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ការ​ប្រកាន់​ក្តី ការ​ត្រូវ​រលាស់​ចេញ​ក្តី។
 [៣៩៩​] ពាក្យ​ថា កង្វល់​ក្តី កុំ​មានដល់​អ្នក​ឡើយ​ សេចក្តី​ថា កង្វល់​គឺ​រាគៈ កង្វល់​គឺ​ទោសៈ​ កង្វល់​គឺ​មោហៈ កង្វល់​គឺ​មានះ កង្វល់​គឺ​ទិដ្ឋិ​ កង្វល់​គឺ​កិលេស កង្វល់​គឺ​ទុច្ចរិត កង្វល់​នេះ​កុំ​មាន កុំ​ដិតដល់ កុំ​មាន​ប្រាកដ​ដល់​អ្នក​ គឺថា អ្នក​ចូរ​លះបង់​ បន្ទោបង់ ធ្វើឲ្យ​វិនាស មិន​ឲ្យ​កើតមាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) កង្វល់​ក្តី កុំ​មានដល់​អ្នក​ឡើយ។ ហេតុ​នោះ​ ព្រះមានព្រះភាគ ត្រាស់​ថា
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 637355312233761673
ទៅកាន់ទំព័រ៖