ព្រះត្រៃបិដក ភាគ ៦៧

ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) កិលេសជាត​ណា (ធ្លាប់​មាន​ហើយ​) ក្នុង​កាលមុន អ្នក​ចូរ​ញ៉ាំង​កិលេសជាត​នោះ ឲ្យ​រីងស្ងួត​ទៅ យ៉ាងនេះ​ក៏​មាន។
 [៤០២​] ពាក្យ​ថា កង្វល់​ខាងក្រោយ កុំ​មានដល់​អ្នក​ឡើយ​ សេចក្តី​ថា កង្វល់​ជា​អនាគត ហៅថា កង្វល់​ខាងក្រោយ បាន​ដល់​កង្វល់​គឺ​រាគៈ​ កង្វល់​គឺ​ទោសៈ កង្វល់​គឺ​មោហៈ​ កង្វល់​គឺ​មានះ កង្វល់​គឺ​ទិដ្ឋិ កង្វល់​គឺ​កិលេស​ កង្វល់​គឺ​ទុច្ចរិត ព្រោះ​ប្រារព្ធ​សង្ខារ​ទាំងឡាយ​ជា​អនាគត កង្វល់​នេះ កុំ​មាន កុំ​ឲ្យ​កើតមាន​ដល់​អ្នក​ អ្នក​ចូរ​កុំ​ញ៉ាំង​កង្វល់​ឲ្យ​កើត កុំ​បង្ក កុំ​ឲ្យ​លូតលាស់​ឡើង ចូរ​លះបង់ បន្ទោបង់​ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតមាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) កង្វល់​ខាងក្រោយ កុំ​មានដល់​អ្នក​ឡើយ។
 [៤០៣​] ពាក្យ​ថា បើ​អ្នក​នឹង​មិន​កាន់​យក​ខន្ធ​ជា​កណ្តាល​ទេ​ សេចក្តី​ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជា​បច្ចុប្បន្ន លោក​ហៅថា ខន្ធ​ជា​កណ្តាល អ្នក​នឹង​មិន​កាន់​យក​ មិន​ចាប់ មិន​ស្ទាបអង្អែល មិន​រីករាយ មិន​ជ្រុលជ្រប់ ចំពោះ​សង្ខារ​ទាំងឡាយ​ជា​បច្ចុប្បន្ន​ ដោយអំណាច​តណ្ហា​ ដោយអំណាច​ទិដ្ឋិ គឺថា បើ​អ្នក​នឹង​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើតមាន​នូវ​សេចក្តី​រីករាយ ការ​ជ្រុលជ្រប់ ការ​ប្រកាន់ ការ​ស្ទាបអង្អែល ការ​ជាប់​ចំពាក់​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បើ​អ្នក​នឹង​មិន​កាន់​យក​ខន្ធ​ជា​កណ្តាល​ទេ។
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 637355312994171008
ទៅកាន់ទំព័រ៖