ព្រះត្រៃបិដក ភាគ ៦៧

បពិត្រ​ព្រះអង្គ​ជា​និរទុក្ខ បញ្ញា ១ សតិ​ ១ នាម និង​រូប ១ ខ្ញុំ​ព្រះអង្គ​សួរ​ហើយ សូម​ទ្រង់​សំដែង​ប្រាប់​នូវ​សេចក្តី​នុ៎ះ​ដល់​ខ្ញុំ​ព្រះអង្គ​ តើ​ធម៌​នុ៎ះ រលត់​ទៅ​ក្នុង​ទីណា។
[៨១​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) ម្នាល​អជិ​តៈ អ្នក​បាន​សួរ​ហើយ នូវ​ប្រស្នា​ណា តថាគត​នឹង​ពោល​នូវ​ប្រស្នា​នោះ​ដល់​អ្នក​ នាម និង​រូប រលត់​មិន​មាន​សេសសល់​ក្នុង​ទីណា នាម និង​រូប​នុ៎ះ រលត់​ក្នុង​ទីនុ៎ះ​ ព្រោះ​កិរិយា​រលត់វិញ្ញាណ។

 [៨២​] ពាក្យ​ថា អ្នក​បាន​សួរ​ហើយ​នូវ​ប្រស្នា​ណា ត្រង់​ពាក្យ​ថា​ នូវ​ប្រស្នា​ណា គឺ​នូវ​បញ្ញា​ សតិ និង​នាមរូប។ ពាក្យ​ថា បាន​សួរ​ហើយ គឺ​សួរ សូម​អារាធនា ជ្រះថ្លា​ហើយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​បាន​សួរ​ហើយ​នូវ​ប្រស្នា​ណា។
 [៨៣​] ពាក្យ​ថា អជិ​តៈ នៃ​បទ​ថា ម្នាល​អជិ​តៈ តថាគត​នឹង​ពោល​ប្រស្នា​នោះ​ដល់​អ្នក​ គឺ​ព្រះមានព្រះភាគ​ត្រាស់​ហៅ​ព្រាហ្មណ៍​នោះ​ចំ​ឈ្មោះ។ ពាក្យ​ថា នូវ​ប្រស្នា​នោះ គឺ​នូវ​បញ្ញា​ផង​ សតិ​ផង នាម និង​រូប​ផង។ ពាក្យ​ថា នឹង​ពោល គឺ​នឹង​ពោល ប្រាប់ សំដែង បញ្ញត្ត តាំង​ទុក ញែក ចែក​ ធ្វើឲ្យ​ងាយ ប្រកាស នូវ​ប្រស្នា​នោះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ម្នាល​អជិ​តៈ តថាគត​នឹង​ពោល​នូវ​ប្រស្នា​នោះ​ដល់​អ្នក។
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 637354311126197140
ទៅកាន់ទំព័រ៖