ព្រះត្រៃបិដក ភាគ ៦៧

ភព​ថ្មី គឺជា​តិ ជរា មរណៈ និង​សង្សារ​នៃ​ព្រះអង្គ មិន​មាន​ឡើយ ហេតុ​នោះ ទើប​ឈ្មោះថា​ ទ្រង់​លះបង់​សេចក្តី​ត្រេកអរ ឆ្លង​អន្លង់។ ពាក្យ​ថា​ មាន​ព្រះទ័យ​រួច​ស្រឡះ គឺ​ព្រះហឫទ័យ​របស់​ព្រះមានព្រះភាគ ផុត រួច​ស្រឡះ រួច​ស្រឡះ​ដោយ​ប្រពៃ​ចាក​រាគៈ​ ព្រះហឫទ័យ​ផុត រួច​ស្រឡះ រួច​ស្រឡះ​ដោយ​ប្រពៃ​ចាក​ទោសៈ ព្រះហឫទ័យ​ផុត រួច​ស្រឡះ រួច​ស្រឡះ​ដោយ​ប្រពៃ​ ចាក​មោហៈ ព្រះហឫទ័យ​ផុត រួច​ស្រឡះ​ រួច​ស្រឡះ​ដោយ​ប្រពៃ​ចាក​កោ​ធៈ ឧបនាហៈ។បេ។ អកុសលា​ភិ​សង្ខារ​ទាំងអស់ ហេតុ​នោះ (លោក​ពោល​ថា​) លះបង់​សេចក្តី​ត្រេកអរ​ ឆ្លង​អន្លង់ មានព្រះហឫទ័យ​រួច​ស្រឡះ។
 [៤១២​] ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​សូម​អារាធនា​ព្រះមានព្រះភាគ​ ទ្រង់​លះបង់​គ្រឿង​កំណត់ មាន​បញ្ញា​ល្អ ត្រង់​ពាក្យ​ថា គ្រឿង​កំណត់ បាន​ដល់ កប្បៈ​ (គ្រឿង​កំណត់​) ២ គឺ​តណ្ហា​កប្បៈ ១ ទិដ្ឋិ​កប្បៈ ១។បេ។ នេះ តណ្ហា​កប្បៈ។បេ។ នេះ ទិដ្ឋិ​កប្បៈ។ ព្រះពុទ្ធ​មាន​ព្រះ​ភាគ លះបង់​តណ្ហា​កប្បៈ រលាស់ចោល​ទិដ្ឋិ​កប្បៈ​ ព្រះពុទ្ធ​ឈ្មោះថា លះបង់​កប្បៈ ព្រោះ​លះបង់​តណ្ហា​កប្បៈ ព្រោះ​រលាស់ចោល​ទិដ្ឋិ​កប្បៈ។ ពាក្យ​ថា សូម​អារាធនា គឺ​ខ្ញុំ​ព្រះអង្គ​សូម​អង្វរ​ អារាធនា និមន្ត ត្រេកអរ​ ប្រាថ្នា ស្រឡាញ់​ ប៉ុនប៉ង។ ពាក្យ​ថា មាន​បញ្ញា​ល្អ​ សេចក្តី​ថា ប្រាជ្ញា ហៅថា បញ្ញា បាន​ដល់ ប្រាជ្ញា​ការ​ដឹង​ច្បាស់។បេ។
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 637355315780465709
ទៅកាន់ទំព័រ៖