ព្រះត្រៃបិដក ភាគ ៦៧
[៤១៦] ពាក្យថា បពិត្រព្រះអង្គជាវីរបុរស (ពួកជន) ត្រូវការព្រះតម្រាស់របស់ព្រះអង្គ ត្រង់ពាក្យថា បពិត្រព្រះអង្គជាវីរបុរស គឺព្រះពុទ្ធជាវីរបុរស។ ព្រះមានព្រះភាគ ព្រះនាមថា វីរបុរស ព្រោះទ្រង់មានព្យាយាម។ ព្រះនាមថា វីរបុរស ព្រោះទ្រង់សម្បូណ៌ដោយគុណ។ ព្រះនាមថា វីរបុរស ព្រោះទ្រង់ជាអ្នកបណ្តុះសេចក្តីព្យាយាម។ ព្រះនាមថាវីរបុរស ព្រោះទ្រង់អង់អាច។បេ។ ព្រះនាមថា វីរបុរស ព្រោះទ្រង់ប្រាសចាកការព្រឺរោម។
បុគ្គលណាវៀរហើយ ចាកបាបទាំងពួង ក្នុងលោកនេះ ជាអ្នកមានព្យាយាមជាលំនៅ កន្លងនិរយទុក្ខ បុគ្គលនោះ ជាអ្នកមានព្យាយាម មានសេចក្តីប្រឹងប្រែង មានសភាពដូច្នោះ លោកហៅថា វីរបុរស ជាបុគ្គលមិនកម្រើក។
ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គ ជាវីរបុរស ... របស់ព្រះអង្គ។ ពាក្យថា ត្រូវការព្រះតម្រាស់ គឺព្រះតម្រាស់ គន្លងនៃវាចា ទេសនា អនុសន្ធិ របស់ព្រះអង្គ។ ពាក្យថា ត្រូវការ គឺប៉ុនប៉ង ត្រូវការប្រាថ្នា ត្រេកអរ ចង់បាន ស្រឡាញ់ ជាប់ចិត្ត ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាវីរបុរស ពួកជនត្រូវការព្រះតម្រាស់របស់ព្រះអង្គ។
[៤១៧] ពាក្យថា សូមព្រះអង្គសំដែងដោះប្រស្នា ដើម្បីជនទាំងនោះ ត្រង់ពាក្យថា ដើម្បីជនទាំងនោះ គឺដើម្បីជនទាំងនោះ បានដល់ក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស។
ID: 637355317025937698
ទៅកាន់ទំព័រ៖